ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាស និងជូនដំណឹងដល់សាធារណៈជនទូទៅអំពីការផ្អាកចរាចរណ៍ចំនួន១ថ្ងៃពេញ ដើម្បីរៀបចំតម្លើង និងបំពាក់ផ្នឹមសាងសង់ស្ពានអាកាសថ្មើរជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃខេត្តកំពង់ស្ពឺ។

-->
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ចាប់តាំងពីព្រឹកវេលាម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណុចរថយន្តផ្សារកំពង់ស្ពឺ ដែលជាគោលដៅសាងសង់ស្ពានថ្មើរជើងអាកាសលើកដំបូងប្រចាំខេត្ត ស្ថិតនៅក្នុងភូមិក្រាំងពពេល និងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន នឹងបិទផ្លូវផ្អាកការធ្វើចរាចរណ៍ពេញមួយថ្ងៃ ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ និងរក្សាសុវត្ថិភាពជូនអ្នកធ្វើដំណើរ។
១- ចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ សូមបញ្ចៀសទៅកាន់ផ្លូវជាតិលេខ៣
២- ចំពោះរថយន្តទេសចរណ៍គ្រប់ប្រភេទ សូមបញ្ចៀសទៅតាមផ្លូវកណ្តោលជ្រុំ (ផ្លូវលេខ១០៤ និង១០៥) និងតាមផ្លូវបំបែកតាមចំណុចភ្លើងស្តុបមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងត្រង់ចំណុចភ្លើងស្តុបបំបែកច្បារមន ។
ស្ពានអាកាសថ្មើរជើងត្រង់ចំណុចបេនឡាន ផ្សារកំពង់ស្ពឺក្នុងតម្លៃសាងសង់៣៤ម៉ឺនដុល្លារអាមេរិក នឹងលេចរូបរាងឡើងនៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះហើយ ។
លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ស្ពានអាកាសថ្មើរជើងនេះ សាងសង់បានជាង ៧០ភាគរយហើយ ដោយអនុវត្តន៍ទៅតាមលក្ខណៈបច្ចេកទេសស្តង់ដាអន្តរជាតិ ដែលមានប្រវែង៣០ម៉ែត្រ កម្ពស់៥,២ម៉ែត្រ នឹងទទឹង៣ម៉ែត្រ ដែលធ្វើពីបេតុងអាមេ”។
លោកបន្តថា “រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងគ្រោងរៀបចំពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងនេះ នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដែលជាសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ ដែលបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ទន្ទឹងរង់ចាំមើល”។
វត្តមានស្ពានអាកាសថ្មើរជើងលើកដំបូង នៅក្នុងខេត្តកំពង់ស្ពឺមួយនេះ ត្រូវបានសាងសង់កាលពីខែឧសភា ឆ្នាំ ២០១៩ កន្លងមកនេះ។ វាជាផ្នែកមួយក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរនោះ៕
