តម្រូវការ​សម្ភារៈសំណង់​បាន​ហក់​ឡើង​យ៉ាង​គំហុក​ស្រប​ពេល​ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ

0

​ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​តម្រូវការ​សម្ភារៈសំណង់​ ស្រប​ពេល​វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​។

SONY DSC

របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​ចុងក្រោយ​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​កាលពី​ម្សិលមិញ​ បានឱ្យ​ដឹង​ថា​ កំណើន​ជាក់ស្តែង​របស់​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​រក្សា​បាន​ ​៧ភាគរយ​ ក្នុង​ឆ្នាំ២០១៩​។

កំណើន​សេដ្ឋកិច្ច​នេះ​មានការ​រួមចំណែក​យ៉ាង​ខ្លាំង​ពី​វិស័យ​សំណង់​ដែល​ទាញ​ស្រូប​ទាញ​យក​ការ​វិនិយោគ​ពី​ក្នុង​ការ​ស្រុក​ និង​បរទេស​។

របាយការណ៍​ បានឱ្យ​ដឹង​ថា​ “វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​មិនទាន់​មាន​ភាព​នឿយណាយ​នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​ទេ​”។ របាយការណ៍​បាន​បន្ត​ថា​ “ជា​លទ្ធផល​ ការនាំចូល​ដែក​សំណង់​បាន​ស្ទុះឡើង​យ៉ាង​គំហុក​ ដល់ទៅ៦៣,៥ភាគរយ​ គិត​ត្រឹម​ខែមិថុនា​ ឆ្នាំ២០១៩​ ពី​ ២៧,៧ភាគរយ​ ក្នុង​ឆ្នាំ២០១៨​”។

តម្រូវការ​ស៊ីម៉ងត៍​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​រហូតដល់៩លាន​តោន​នៅ​ឆ្នាំនេះ​ កើនឡើង​ជិត៩០ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ តម្លៃ​សម្ភារៈសំណង់​បាន​កើនឡើង១០ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន​ស៊ីម៉ងត៍​ជីប​ម៉ុង​ (Chip​ Mong​ Insee​ Cement​ Corporation​)។

វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជាង​ ៧០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ ១០​ ខែ​ ក្នុង​ ឆ្នាំ២០១៩នេះ​ នៅ​លើ​គម្រោង​ជិត​ ៤០០០​ ដែល​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡាដី​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

វិស័យ​សំណង់​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​ ក៏​កំពុង​បង្កើន​ការនាំចូល​វត្ថុធាតុ​ដែក​សំណង់​ពី​បណ្តា​ប្រទេស​នានា​ដូចជា​ ប្រទេស​វៀតណាម​។

ក្រុមហ៊ុន​ផលិត​ដែក​ Hoa​ Phat​ Group​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​បាន​រាយការណ៍​ថា​ ការ​លក់​ដែក​បាន​កើន​ឡើង ២៨,៦៨ភាគរយ​ ដោយ​កម្ពុជា​ជា​អ្នកទិញ​ភាគច្រើន​។ ការនាំចេញ​របស់​ក្រុមហ៊ុន​ផលិត​ដែកថែប​ ប្រទេស​វៀតណាម​បាន​កើនឡើង​ដល់​ ២៤៦ភាគរយ​ពីឆ្នាំ​មុន​។ ប្រទេស​កម្ពុជា​បាន​ទិញ​ដែកថែប​ជិត​ ៤៥,៤៣០តោន​ ពី​ក្រុមហ៊ុន​នេះ​នៅក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំនេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here