ដោយ វុត្ថា
ភ្នំពេញៈ ការរៀបចំដែនដីនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីធនាបាននូវចីរភាព សមធម៌ តុល្យភាព និងការធ្វើសមាហរណកម្មទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងក្របខណ្ឌអន្តរជាតិ។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីគោលនយោបាយជាតិ រៀបចំដែនដីកម្ពុជាបានឱ្យដឹងថា ដោយធនធានមានកំណត់ និងដើម្បីធានានូវការផ្គត់ផ្គង់ ការរៀបចំដែនដី ត្រូវធ្វើទៅតាមលំដាប់នៃអាទិភាព ចំពោះតំបន់ដែលមានកំណើនប្រជាជន និងសេដ្ឋកិច្ចខ្ពស់មានជាអាទិ៍ ប៉ូលអភិវឌ្ឍរាជធានីភ្នំពេញ ប៉ូលអភិវឌ្ឍន៍សៀមរាប និងប៉ូលអភិវឌ្ឍន៍ព្រះសីហនុ ។
ប៉ូលសេដ្ឋកិច្ចទាំងនេះ គឺជាប៉ូលនៃកំណើនខ្ពស់ ដែលបានលេចចេញជារូបរាងពិតប្រាកដ តាមរយៈសក្តានុពល និងសកម្មភាព ; ព្រមទាំងអ័ក្សនៃការអភិវឌ្ឍរួមមានអ័ក្រភ្នំពេញ-ព្រះសីហនុ តាមបណ្តោយផ្លូវជាតិលេខ៤ ឬភ្នំពេញ-តំបន់ឆ្នេរតាមបណ្តោយផ្លូវជាតិលេខ៣ និងលេខ៤។ អ័ក្សភ្នំពេញសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ អក្សភ្នំពេញ-បាវិត តាមបណ្តោយផ្លូវជាតិលេខ១។
អ័ក្សភ្នំពេញ-ប៉ោយប៉ែត តាមបណ្តោយផ្លូវជាតិលេខ៥ អ័ក្សភ្នំពេញ-ឥសាន ភ្ជាប់ទៅប្រទេសវៀតណាម និងឡាវ តាមបណ្តោយផ្លូវជាតិលខេ៦ និងលេខ៧ និងអ័ក្សតំបន់ឆ្នេរ ដែលភ្ជាប់ពីប្រទេសថៃ កាត់តាមខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបទៅប្រទេសវៀតណាម គឺជាអក្សដែលស្ថិតនៅក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គជាមួយគ្នានេះ មានអ័ក្សនៅតាមបណ្តោយផ្លូវទឹក រួមមានទន្លេមេគង្គ ទន្លេសាប បឹងទន្លេសាប និងទន្លេបាសាក់។
ដើម្បីទាញយកផលជាអតិបរមា តំបន់ស្នូល ដែលស្ថិតនៅតាមបណ្តោយអ័ក្សនៃការអភិវឌ្ឍនេះ រួមជាមួយតំបន់ស្នូលជាយុទ្ធសាស្ត្រជួរមុខ នៅតាមបណ្តោយព្រំដែន គួរត្រូវបានយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ដោយឡែករាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធសាស្ត្រ ដើម្បីឱ្យលេចចេញជាប៉ូលសេដ្ឋកិច្ចមួយទៀត នៅក្នុងភូមិភាគឥសាននាពេលអនាគត ដោយមានកិច្ចសហការឱ្យមានជាតំបន់ត្រីកោណ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
ថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ដែលទទួលបន្ទុកការរៀបចំដែនដី និងផែនការប្រើប្រាស់ដី ជាអ្នកទទួលខុសត្រូវផ្ទាល់ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ មុខងារ និងភារកិច្ចជាមូលដ្ឋានមួយចំនួន ដែលឃុំមិនអាចធ្វើបាន ត្រូវផ្តល់ការទទួលខុសត្រូវនៅកម្រិតរដ្ឋបាលខ្ពស់ជាង ដែលជាតំបនន់ស្នូលដោយត្រូវបន្សី រវាងតំបន់ស្នូល និងតំបន់ទ្រនាប់ដែលនៅជុំវិញ និងត្រូវតភ្ជាប់គ្នាដោយបណ្តាញគមនាគមន៍ ដែលជាអក្សនៃការអភិវឌ្ឍ។
វិធានការនៃការរៀបចំដែនដី ក៏ត្រូវពិចារណាលើទិដ្ឋភាព សមធម៌សង្គម ដូចជាតម្រូវការខាងលំនៅឋានសមស្រប និងមានតុល្យភាពរវាងលទ្ធភាព ដែលគ្រួសារក្រីក្រ និងអ្នកមានប្រាក់ចំណូលទាប អាចរកបានលំនៅឋានសមរម្យ និងតម្រូវការសេដ្ឋកិច្ចរបស់រដ្ឋ និងផ្នែកឯកជន។
ផែនការអភិវឌ្ឍទីក្រុង ក្រៅពីផ្តល់ការងារធ្វើ ត្រូវគិតគូរជាអាទិភាពដល់ការរៀបចំកន្លែងសម្រាប់លម្ហែសាធារណៈ ធានាបាននូវការរស់នៅប្រកបដោយគុណភាព សុវត្ថិភាព បរិស្ថានល្អ និងសោភ័ណភាព ព្រមទាំងការកំណត់ តំបន់គ្រង់គ្រងពិសេសសម្រាប់រៀបចំតំបន់ខ្សែក្រវ៉ាត់បៃតងក្រុង។
ការកសាងផែនការ និងការអភិវឌ្ឍលំនៅឋាន ត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចផ្សេងៗ ជាពិសេសតំបន់ឧស្សាហកម្ម ដើម្បីរួមចំណែកដល់ការធ្វើឱ្យមានតុល្យភាពនៃរបាយប្រជាជនទូទាំងប្រទេស និងសមធម៌នៃការទទួលបាន នៃការអភិវឌ្ឍសេដ្ឋកិច្ច៕