ដោយ វុត្ថា
ភ្នំពេញៈ ប្រទេសនិមួយៗមានកំលាំងចលករសេដ្ឋកិច្ចប្រហាក់ប្រហែល ឬខុសគ្នាអាស្រ័យលើលក្ខខ័ណ្ឌភូមិសាស្រ្ត អាកាសធាតុ និងងគោលនយោបាយរបស់រដ្ឋាភិបាល។
ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា វិស័យដែលរួមចំណែកធ្វើឱ្យផលិតផល ក្នុងស្រុកសរុប (GDP) មានការកើនឡើងមានចំនួន៣ធំៗដូចជា៖
១) វិស័យកសិកម្ម
ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានប្រជាជនប្រហែល៨៥ %ជាកសិករ ដែលមានផ្ទៃដីដាំដុះដំណាំជាប្រភេទដីប្រកបដោយជីជាតិ សម្បូរ ប្រភពទឹកសម្រាប់ស្របស្រព និងមានអាកាសធាតុ ក្តៅហើយសើម ដែលអំណោយផលដល់ការបង្កបង្កើនផលស្ទើតែគ្រប់ប្រភេទ។
មួយវិញទៀត កម្ពុជាក៏បានផ្តល់នូវបច្ចេកទេសក្នុងការដាំដុះ ថែរទាំ និងមានការជួយជ្រោមជ្រែងលើការរកទីផ្សារឱ្យកសិករផងដែរ។ ដំណាំដែលមានភាពល្បីល្បាញ និងធ្វើការណែនាំចេញទៅបរទេសមានដូចជាស្រូវ អង្ករ ពោតសណ្តែក គ្រាប់ស្វាយចន្ទី និងដំឡូងមី ។ល។
២) វិស័យឧស្សាហកម្ម
វិស័យនេះ សំដៅទៅលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ កសិ-ឧស្សាហកម្ម និងកែច្នៃ អគ្គិសនី ឧស្សាហកម្ម កាត់ដេរសម្លៀកបំពាក់ ចាប់តាំងពីចាប់តាំងពីពេលដែលប្រទេសកម្ពុជា យើងងាកមកអនុវត្តសេដ្ឋកិច្ច តាមបែបទីផ្សារសេរីរួចមក មានវិនិយោគិនបរទេសច្រើន បានសម្លឹងមើលឃើញពីសក្តានុពល និងភាពអំណោយរបស់កម្ពុជា។
វិស័យកាត់ដេរមានការរីកចំរើនខ្លាំងឡើង នៅពេលដែលកម្ពុជាគោរពតាម លក្ខខ័ណ្ឌផ្សេងៗ របស់ប្រទេសបញ្ជាទិញ មានដូចជាសហរដ្ឋអាមេរិក បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ជាដើម។ វិស័យមួយនេះ បានផ្តល់ជាការងារដល់កម្មកររាប់ម៉ឺននាក់ ហើយក្នុងនោះ ភាគច្រើនជាច្រើជាស្ត្រីដែលមកពីជនបទ។
មិនត្រឹមតែប៉ុណ្ណោះទេ វាបានជួយជម្រុញការនាំចេញរបស់កម្ពុជាយើង ឱ្យមានការកើនឡើង ដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសយើង មានការរីកចំរើនមួយផ្នែកធំផងដែរ។
៣) វិស័យសេវាកម្ម
វិស័យសេវាកម្មនេះមាន៖ ទេសចរណ៍ សំណង់ សណ្ឋាគារធនាគារ មីក្រូហិរញ្ញវត្ថុ ។ល។ ប្រទេសកម្ពុជា សម្បូរទៅដោយរមណីយដ្ឋានទេសចរ គួរជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដូចជារមណីយដ្ឋានបែបប្រវត្តិសាស្ត្រ បែបធម្មជាតិ បែបកែច្នៃ និងទីកន្លែងសក្ការៈបូជា ផ្សេងៗ ទៀត ដែលមានពាសពេញផ្ទៃប្រទេស។
កំណើនភ្ញៀវទេសចរ មានការកើនឡើងជាលំដាប់ពីមួយទៅមួយឆ្នាំ ដោយសារមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល ការចូលរួមរបស់ប្រជាជន អង្គភាពនានា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត៕