ដោយ វុត្ថា
ភ្នំពេញៈ លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រើនរំលឹកដល់អ្នកប្រកបអាជីព ក្នុងវិស័យសំណង់ចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធវិស័យសំណង់ឱ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍ឧស្សាហកម្មសំណង់នៅកម្ពុជា-អន្តរជាតិលើកទី៦រយៈ ពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ ២០១៩ នេះថា អ្នកប្រកបអាជីព និងធុរជនក្នុងវិស័យឧស្សាហកម្មសំណង់ទាំងអស់ ដែលរួមមាន ស្ថាបត្យករ វិស្វករ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងសំណង់អ្នកសាងសង់ និងអ្នកអភិវឌ្ឍអចលនទ្រព្យ ម្ចាស់សំណង់ត្រូវចូលរួមគោរពច្បាប់សំណង់ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធ វិស័យសំណង់។
លោកបន្តថា “តាមរយៈកម្មវិធីនេះ ខ្ញុំនិងក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការក្រើនរំលឹកថា ច្បាប់សំណង់ និងបទប្បញ្ញត្តិដែលយើងមានជាធរមានរួចហើយនេះ ត្រូវគោរពឱ្យបានត្រឹមត្រូវ ដើម្បីធានានូវសុវត្ថិភាព និងគុណភាពសំណង់នៅកម្ពុជា”។
លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួន ដល់អ្នកវិនិយោគក្នុងវិស័យនេះដូចជា ត្រូវមានលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានមុនពេលធ្វើការសាងសង់ និងត្រូវអនុវត្តតាមប្លង់បច្ចេកទេ សដែលបានអនុញ្ញាត និងបទប្បញ្ញត្តិបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ។- ក្រុមហ៊ុនប្រកបអាជីវកម្ម សាងសង់ និង សិក្សាគម្រោងប្លង់ រួមទាំងក្រុមជាងសំណង់ទាំងអស់ ត្រូវមកស្នើសុំចុះបញ្ជីជាអ្នកប្រកបអាជីវកម្មស្របតាមច្បាប់ជាធរមាន។- ត្រូវរៀបចំការដ្ឋានសាងសង់ ឱ្យមានសណ្តាប់ធ្នាប់ និងអនាម័យជាប្រចាំ និងការដ្ឋានសំណង់ទាំងអស់ពុំត្រូវដីកបេតុង ឌី និងសម្ភារៈសំណង់ធ្វើឱ្យជ្រះតាមដងផ្លូវសាធារណៈឡើយ។
– ការដ្ឋានសំណង់ទាំងអស់ត្រូវមានបំពាក់សម្ភារ និងឧបករណ៍សម្រាប់ការពារសុវត្ថិភាព និងសុខភាពជូនកម្មករទាំងអស់ដែលធ្វើការក្នុងការដ្ឋាន។ល។ -ការដ្ឋានសំណង់ទាំងអស់ត្រូវមានវិស្វករ ស្ថាបត្យករ និងអ្នកគ្រប់គ្រងការដ្ឋាននៅត្រួត ពិនិត្យបច្ចេកទេសជាប្រចាំក្នុងការដ្ឋានសំណង់។ ទន្ទឹមនឹងនេះ រាល់សំណង់ទាំងអស់ត្រូវ មានការសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្គុំសំណង់ប្លង់ទឹក ភ្លើង និងមេកានិច- រួមទាំងត្រូវមានការសិក្សាពីភូគាមសាស្រ្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ។
លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាបានបន្ថែមថា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទើបទទួលបាននូវផ្លែផ្កាដ៏ត្រចះត្រចង់ និងជោគជ័យថ្មីមួយបន្ថែមទៀតគឺច្បាប់ស្តីពីសំណង់របស់កម្ពុជា។ ដែលច្បាប់នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានខិតខំរៀបចំ និងរង់ចាំលទ្ឋផលជាយូរណាស់មកហើយ ដើម្បីយកមកប្រើប្រាស់ ក្នុង ការគ្រប់គ្រង វិស័យសំណង់ របស់កម្ពុជា។
លោកបន្ថែមថា ច្បាប់សំណង់ដែលបានអនុម័តឲ្យប្រើប្រាស់នាពេលនេះ ក៏មានការចូលរួមផ្តល់មតិយោបល់ និងបានដកស្រង់ យកធាតុចូលល្អៗពីអ្នកជំនាញ សំណង់ នៃក្រសួង ដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន និងពីបណ្តាក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងឯកជនជាតិ និងអន្តរជាតិជាច្រើនបានយ៉ាងល្អិតល្អន់ និងសមស្របតាមលក្ខខណ្ឌ និងតម្រូវការរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នរហូតបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយច្បាប់សំណង់នេះ មានទាំងអស់២២ជំពូក និង ១១១ មាត្រា៕