ចំណេះដឹង​! តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ផ្តល់​ផល​វិជ្ជា​មាន​ និង​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​អ្វីខ្លះ​?

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ តាមរយៈ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ផ្តល់​ផល​វិជ្ជា​មាន​ និង​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន​ដល់​ភាគី​ទាំងពីរ​។ ម៉្យាង​វា​នឹងអាច​ឱ្យ​ភាគី​ទាំងពីរ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម​លើ​ទំនិញ​ សេវា​ និង​វិនិយោគ​។

យោង​តាម​ការស្រាវជ្រាវ​មួយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន​ និង​អាស៊ី​បូព៌ា​ (ERIA​)បង្ហាញថា​ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Eurasian​ Economic​ Union​ (EAEU​)) គឺជា​ទីផ្សារ​មួយ​ដ៏​ធំ​គ្របដណ្ដប់​ប៉ែក​ខាង​អឺរ៉ុប​ខាងកើត​ ដោយមាន​សមាជិក​ចំនួន​ ៥ ប្រទេស​គឺ​ អា​មេ​នី​ (Armenia​) បេ​ឡា​រុស​ (Belarus​) កាហ្សាក់ស្ថាន​ (Kazakhstan​) កៀហ្ស៊ី​ស៊ី​ស្ថាន​ (Kyrgyzstan​) និង​រុស្ស៊ី​ (Russia​) ដែល​មាន​ប្រជាជន​សរុប​ចំនួន​ ១៧៦​ លាន​នាក់​ និង​ផលិតផល​ក្នុង​ស្រុក​សរុប​ ២.៥​ ទ្រី​លាន​ដុល្លារ​អាមេរិក​(២០១៦​)។

ការសិក្សា​នេះ​បាន​បង្ហាញ​ពី​ផល​ជា​វិជ្ជមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ មក​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​អនុញ្ញាត​ឲ្យ​កម្ពុជា​ទាញ​យក​ផលប្រយោជន៍​បន្ថែម​តាមរយៈ​ការចូលរួម​នៅក្នុង​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​ពិភពលោក​។

ការសិក្សា​ក៏បាន​បង្ហាញ​ពីសា​រៈសំ​ខាន់​នៃ​ការបង្កើត​ច្រក​ទីផ្សារ​នាំចេញ​ (Market​ Access​) និង​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​ និង​រចនាសម្ព័ន្ធ​ទីផ្សារ​ ព្រមទាំង​ចង្អុល​បន្ថែម​ថា​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ នឹង​នាំ​ឱ្យ​មានការ​រីកចម្រើន​ក្នុង​វិស័យ​ផលិតកម្ម​ ពង្រីក​សេវាកម្ម​ និង​ការ​អភិវឌ្ឍ​សេវា​កម្ម​ថ្មី​ៗ។

ជាមួយ​នោះ​ដែរ​ ការសិក្សា​ក៏បាន​បង្ហាញថា​ ការពង្រីក​សេវាកម្ម​ហិរញ្ញវត្ថុ​ ការ​ដឹកជញ្ជូន​ សេដ្ឋកិច្ច​ឌីជីថល​ និង​សេវាកម្ម​កសិកម្ម​ ត្រូវ​បាន​គូសបញ្ជាក់​ថា​ជា​វិស័យ​ដ៏​សំខាន់​ដែល​ចូលរួម​ជួយ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ (Cambodia​-Eurasian​ Economic​ Union​ FTA​-CEFTA​) បាន​បង្ហាញ​ពី​កាលានុវត្ត​ភាព​ឈ្នះ​-ឈ្នះ​សម្រាប់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ពិភពលោក​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​កណ្តាល​ និង​ជាមួយ​ប្រទេស​រុស្ស៊ី​។

តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើន​ឱកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ទៅវិញទៅមក​ ជាពិសេស​កម្ពុជា​អាច​បង្កើន​ការនាំចេញ​សម្លៀកបំពាក់​ និង​វាយនភ័ណ្ឌ​ ផលិតផល​កសិកម្ម​ និង​ទំនិញ​ដទៃទៀត​ ខណៈ​ដែល​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-អាស៊ី​ ក៏អាច​ជ្រៀតចូល​ទីផ្សារ​កម្ពុជា​កាន់តែ​ទូលំទូលាយ​ជាង​មុន​ ជាពិសេស​លើ​វិស័យ​ថាមពល​។

អនុលោម​តាម​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​ នីតិកាល​ទី៦​ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ផ្តោត​លើ​ការបង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ដៃគូ​ ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​សិក្សា​លើ​លទ្ធភាព​ចរចា​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​កូរ៉េ​ផង​ដែរ​។

លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដែល​នាំ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​មានការ​កើនឡើង​ បង្កើន​ការងារ​សម្រាប់​ប្រជាជន​ ឈាន​សម្រេច​បាន​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ នៅ​ឆ្នាំ២០៥០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here