ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាកម្ពុជា បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជាតម្លៃវិនិយោគ ១០០០លានដុល្លារអាមេរិក ដែលវិនិយោគនៅលើផ្ទៃដី ៩៣.៩៤៩ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើនចំនួនអគារពាណិជ្ជកម្មនៅកម្ពុជា ។

-->
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) កាលពីថ្ងៃទី ១១ ខែធ្នូ ម្សិលមិញ នេះ បានឱ្យដឹងថា សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមកម្ពុជានេះ វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ិនវេសមេន (ខេមបូឌា) ឯ.ក ដែលបានសិក្សា និងរៀបចំរបាយការណ៍ដោយក្រុមហ៊ុនទីប្រឹក្សា អ ស៊ី ប៊ី ស៊ី ស៊ីគ្រោងសាងសង់ដំណាក់កាលទី១ មានផ្ទៃដីទំហំ ៤៤.៩០០ម៉ែត្រក្រឡា។
លោកបន្តថា អន្តរក្រសួង បានគាំទ្រលើគម្រោងវិនិយោគនេះ ព្រោះវាបានរួមចំណែកជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចកម្ពុជា និងបង្កើនចំនួនអគារពាណិជ្ជកម្មនៅកម្ពុជា ព្រមទាំងកោតសរសើរដល់ម្ចាស់គម្រោងដែលបានដាក់បញ្ចូលរចនាបទខ្មែរក្នុងប្លង់អគារនេះ។
លោកបន្ថែថា អន្តរក្រសួងក៏បាន ស្នើឱ្យម្ចាស់គម្រោង សរសេរឈ្មោះគម្រោងជាភាសាខ្មែរឱ្យធំជាងឈ្មោះជាភាសាបរទេស ដើម្បីបង្ហាញអត្តសញ្ញាណខ្មែរ និង ឱ្យម្ចាស់គម្រោងពន្លឿនដំណើរការស្នើសុំលិខិតអនុញ្ញាតសាងសង់ ហើយក្នុងករណីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ពិនិត្យមតិយោបល់ ព្រមទាំងឱ្យម្ចាស់គម្រោងរៀបចំប្រព័ន្ធទឹកកខ្វក់ ដាច់ដោយឡែកពីប្រព័ន្ធទឹកភ្លៀង។
លោកបន្តទៀតថា ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង-រាវ អន្តរក្រសួងស្នើឱ្យម្ចាស់គម្រោងបែងចែកសំណល់ផ្ទះបាយតាមប្រភេទឱ្យបានត្រឹមត្រូវ ជៀសវាងបង្ហូរសំណល់ខ្លាញ់ទៅក្នុងប្រព័ន្ធលូ។ ចំពោះធុងសំរាមវិញ ត្រូវរក្សាទុកដាក់នៅកន្លែងសមរម្យ ជៀសវាងការទុកដាក់នៅទីសាធារណៈ នាំឱ្យខូចសោភណ្ឌភាពទីប្រជុំ ព្រមទាំងសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល ដើម្បីប្រមូលសំរាមឱ្យបានទៀងទាត់។
អន្តរក្រសួងក៏បានស្នើឱ្យម្ចាស់គម្រោងអនុវត្តឱ្យបានខ្ជាប់ខ្ជួនលើកិច្ចសន្យាសាងសង់ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងគម្រោង និងធានាមិនឱ្យមានការបង្ហូរទឹកកខ្វក់ទៅលើផ្ទះរបស់ពួកគេ។
ក្នុងករណីមានអគ្គីភ័យ ឬគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងបណ្តាលមកពីសកម្មភាពគម្រោង ម្ចាស់គម្រោងត្រូវធានាសំណងជូនអ្នករងគ្រោះទាំងអស់។មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម (TCC TRIUMPH Commercial Center) បានសហការវិនិយោគដោយកំពង់ផែស្វយ័ត្នភ្នំពេញ និងក្រុមហ៊ុនយុនណាន សេងម៉ៅ អ៊ិនវេសមិន ដែលមានតម្លៃវិនិយោគ ១០០០លានដុល្លារអាមេរិក។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ លោកហ៊ឺ បាវី ធ្លាប់បានឱ្យដឹងថា គម្រោងពាណិជ្ជកម្មថ្រាយអ៊ឹម ត្រូវបានវិនិយោគឡើងសមស្របទៅតាមនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវ៉ាតមួយ ដែលរដ្ឋាភិបាលប្រទេសចិនបានលើកឡើង ដែលជាស្ពានតភ្ជាប់មិត្តភាពរវាងប្រទេសចិននិងប្រទេសកម្ពុជា។
លោកបន្តថា “ក្រោយពេលគម្រោងនេះសាងសង់រួចរាល់ វានឹងក្លាយទៅជាមជ្ឈមណ្ឌលបោះដុំទំនិញអន្តរជាតិដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ និងកម្សាន្តជាតិ អន្តរជាតិ”។
លោកបន្តថា “ទីនេះក៏នឹងក្លាយទៅជាទីក្រុងទេសចណ៍វប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា”។លោកហ៊ឺ បាវីបានបន្តថា តំណាក់កាលដំបូងនៃគម្រោងនេះ នឹងបញ្ចប់នៅចុងឆ្នាំ២០១៩គម្រោងនេះ នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០ ដោយចំណាយដើមទុនអស់ចំនួន១ពាន់លានដុល្លាអាមេរិក លើផ្ទែដីទំហំជិត១០ហិកតា។

បច្ចុប្បន្នមានក្រុមហ៊ុនម៉ាកល្បីៗជាង៤០០បានសហការជាមួយ ហើយកម្ពុជា នឹងប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីធ្វើអោយគម្រោងនេះ ក្លាយជាទីតាំងពាណិជ្ជកម្មចំរុះធំជាងគេនៅភ្នំពេញ៕