ដោយៈ វុត្ថា
ភ្នំពេញៈ យោងតាមការប្រកាសអន្តរក្រសួងស្តីពី ការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លក្ខខណ្ឌ និងនីតិវិធីនៃការប្រមូលចំណូលពីសេវាផ្តល់ព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្រៃសេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់តម្លៃ ២០,០០០រៀល ក្នុងមួយប្រតិបតិ្តការ ដោយគិតបញ្ជូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ នេះបើយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។
អតិថិជន ដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក អាចទំនាក់ទំនងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី។
“ព័ត៌មានសុរិយោដី” គឺសំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព ការរឹបអូស ការរឹបអូសជាបណ្តោះអាសន្ន ការចាត់ចែងជាបណ្តោះអាសន្ន ដែលហាមឃាត់ការចាត់ចែងអចលនវត្ថុ ការហាមមិនឱ្យបែងចែកអចលនវត្ថុអវិភាគ៕






