ចំណេះដឹង​! តើ​ការផ្ទេរ​មរតក​ត្រូវ​ធ្វើឡើង​យ៉ាងដូច​ម្តេច​?

0

ដោយ​ វុត្ថា​

ភ្នំពេញ​: ការបែងចែក​កេរមរតក​ គឺ​មាន​ចែង​នៅក្នុង​ក្រមរ​ដ្ឋ​ប្ប​វេណី​ ឆ្នាំ​ ២០០៧​ ចាប់ពី​មាត្រា​ ១១៤៥​ រហូតដល់​ មាត្រា​ ១៣០៤​ (សន្តតិកម្ម​)។

ការផ្ទេរ​កេរមរតក​ ត្រូវ​ធ្វើ​ទៅតាម​ឆន្ទៈ​ របស់​មតក​ជន​ (ជន​ដែល​ស្លាប់​ហើយ​ ដែល​ជា​ម្ចាស់​កេរមរតក​) ប្រសិន​ បើ​គាត់​ មាន​ទុក​បណ្តាំ​។ គេ​ឲ្យ​ឈ្មោះ​ ថា​សន្តតិកម្ម​ តាម​មាន​បណ្តាំ​ ឬ សន្តតិកម្ម​ តាម​មតកសាសន៍​។

ក្នុងករណី​ គ្មាន​បណ្តាំ​​ការផ្ទេរ​មរតក​ គឺ​ ត្រូវ​ ធ្វើ​ ឡើង​ ទៅតាម​ ការកំណត់​ ដោយ​ ​បទប្បញ្ញត្តិ​ ដែល​ មាន​ ចែង​ ក្នុង​ ក្រមរ​ដ្ឋ​ប្ប​វេណី​។ គេ​ ឲ្យ​ ឈ្មោះ​ ថា​ សន្តតិកម្ម​ តាមច្បាប់​ (មាត្រា​ ១១៤៥​)។

សន្តតិកម្ម​ គឺជា​ការផ្ទេរ​សិទ្ធិ​ និង​ករណីយកិច្ច​របស់​ មតក​ជន​ឱ្យ​សន្តតិ​ជន​ ម្នាក់​ឬច្រើន​នាក់​តាម​ឆន្ទៈ​ (តាម​បណ្តាំ​) ឬតាមច្បាប់​។

មតក​ជន​ គឺជា​ជន​ដែល​បាន​ស្លាប់​ទៅ​ហើយ​ រីឯ​ សន្តតិ​ជន​គឺជា​ជន​ដែល​ ទទួល​បន្ត​សិទ្ធិ​ និង​ករណីយកិច្ច​របស់​មតក​ជន​តាមរយៈ​សន្តតិកម្ម​។ សន្តតិកម្ម​ ចែកចេញជា​ពីរ​គឺ​ សន្តតិកម្ម​តាម​ឆន្ទៈ​ (មាន​បណ្តាំ​ធ្វើឡើង​ដោយ​មតក​ជន​) និង​ តាមច្បាប់​ (គ្មាន​បណ្តាំ​ ដូច្នេះ​ តុលាការ​គឺ​ ជា​អ្នក​កំណត់​)។

បើ​បកស្រាយ​ឱ្យ​ងាយស្រួល​យល់​ យើង​អាច​និយាយ​បាន​ថា​ សន្តតិកម្ម​ គឺជា​ការ​ប្រគល់​ទ្រព្យសម្បត្តិ​ទាំងឡាយ​ណា​ ដែល​បន្សល់ទុក​ដោយ​ជន​ ដែល​បាន​ស្លាប់​ហើយ​ឱ្យទៅ​បុគ្គល​ដែល​ត្រូវជា​ញាតិ​របស់​បុគ្គល​ដែល​ស្លាប់​នោះ​។

ឧទាហរណ៍​ ក និង​ ខ ហើយ​មានកូន​ចំនួន៤នាក់​ គឺ​ គ ឃ ង និង​ ច។ ក្រោយមក​ ក (ឪពុក​) ក៏បាន​ស្លាប់​ ហើយ​សល់​ទឹកប្រាក់​ចំនួន១លាន​ដុល្លារ​។ ដូច្នេះ​ ក គឺជា​មតក​ជន​ ខ(ម្តាយ​) និង​ កូន​ទាំង​ ៤នាក់​ គឺ​ គ ឃ ង និង​ ច គឺជា​សន្តតិ​ជន​ ហើយ​ទឹកប្រាក់​ចំនួន​ ១លាន​ដុល្លារ​ គឺជា​មត៌ក​ (ទ្រព្យសម្បត្តិ​ ជា​កេរ​ទាំងឡាយ​ដែល​មតក​ជន​បាន​បន្សល់ទុក​ក្រោយពេល​ស្លាប់​)។ មត៌ក​ទាំងអស់​នេះ​ នឹង​ត្រូវ​ចែក​ ស្មើ​ៗគ្នា​ទៅ​ឱ្យ​សន្តតិ​ជន​ ប្រសិនបើ​រក​ឃើញថា​មិន​មាន​បណ្តាំ​មត៌ក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here