ចំណេះដឹង​! តើ​អ្វី​ជា​ «យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ២០១៩​-២០២៥​»?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​បាន​អនុម័ត​ «យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ២០១៩​-២០២៥​» កាលពី​ថ្ងៃទី២២ខែតុលា​ ឆ្នាំ២០១៩​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្រ្តី​ កាលពី​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៩​។

យុទ្ធសាស្ត្រ​ស្តី​ពី​ការកែទម្រង់​ ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ២០១៩​-២០២៥​ គឺជា​សមាសភាគ​ដ៏​សំខាន់​មួយ​នៃ​ យុទ្ធ​សាស្រ្ត​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ២០១៨​-២០២៥​ ក្រោម​ក្របខ័ណ្ឌ​កម្មវិធី​កែទម្រង់​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

ឯកសារ​យុទ្ធ​សាស្រ្ត​នេះ​ បាន​កំណត់​ក្របខ័ណ្ឌ​រួម​មួយ​ ក្នុង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​ ពី​គ្រប់​ប្រភព​ហិរញ្ញប្បទាន​ (ទាំង​ពី​ថវិកាជាតិ​, ថវិកា​ហិរញ្ញប្បទាន​ដោយដៃ​គូ​អភិវឌ្ឍន៍​ និង​ទុន​វិនិយោគឯកជន​ តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​) និង​នៅ​គ្រប់​កម្រិត​រដ្ឋបាល​ (ទាំង​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ សហគ្រាស​សាធារណៈ​ និង​អង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​)។

ការអនុវត្ត​នូវ​យុទ្ធ​សាស្រ្ត​នេះ​ ចែក​ចែក​ជា២ដំណាក់កាល​ តាមរយៈ​ការ​ដាក់ចេញ​នូវ​វិធានការ​គោលនយោបាយ​សំ​ខាន់​ៗមួយចំនួន​ ទាំង​នៅក្នុង​រយៈពេល​ខ្លី​បន្ទាន់​ចំពោះមុខ​ និង​រយៈពេល​មធ្យម​ ដោយ​ក្នុង​នោះ​ ក៏​មាន​ទាំង​ការរៀបចំ​សេចក្តី​ព្រាង​ «អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​» ផង​ដែរ​។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ គោលបំណង​ធានា​ប្រសិទ្ធភាព​ ស័ក្តិសិទ្ធ​ភាព​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ចីរភាព​នៃ​ការ គ្រប់គ្រង​ គម្រោង​វិនិយោគ​សាធារណៈ​ នៅ​តាម​ដំណាក់កាល​ នៃ​វដ្ដ​គម្រោង​ និង​មាន​វិសាលភាព​គ្រប​ដណ្តប់​លើ​ការ​ គ្រប់គ្រង​គម្រោង​ វិនិយោគ​សាធារណៈ​ ដែល​ហិរញ្ញប្បទាន​ដោយ​ថវិកាជាតិ​ ហិរញ្ញប្បទាន​ដោយដៃ​គូរ​អភិវឌ្ឍន៍​ហិរញ្ញប្បទាន​ដោយ​វិស័យ​ឯកជន​ តាម​យន្តការ​PPP​ និង​យន្តការ​ផ្សេងទៀត​ ហិរញ្ញប្បទាន​ ដោយ​ការ​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ទ្រព្យសម្បត្តិ​រដ្ឋ​ ដោយ​ប្រភព​ហិរញ្ញប្បទាន​ចម្រុះ​ ព្រមទាំង​ដោយ​សហគ្រាស​សាធារណៈ​ គ្រឹះស្ថាន​សាធារណៈ​ និង​អង្គភាព​សាធារណៈ​ប្រហាក់​ប្រហែល​ដទៃទៀត​។

សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​ នៃ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​បច្ចុប្បន្ន​ ពិសេស​ការប្រើ​ប្រាស់​ ធនធាន​វិនិយោគ​ របស់​ប្រទេស​ទាំងមូល​ ដែល​មាន​លក្ខណៈ​រាយប៉ាយ​ ឱ្យ​ក្លាយ​ទៅ​លក្ខណៈ​ជា​ប្រព័ន្ធ​ ស្រប​ទៅតាម​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ ដោយមាន​ភ្ជាប់​នូវ​ការទទួលខុសត្រូវ​ច្បាស់លាស់​ ទាំង​សម្រាប់​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ដែល​នឹង​បំពេញមុខ​ងារ​ជា​ទ្វារបាល​នៃ​ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ និង​ទាំង​សម្រាប់​ក្រសួង​-ស្ថាប័ន​នានា​ ដែល​ជា​ប្រតិបត្តិ​ករ​អនុវត្ត​ផ្ទាល់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here