ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេស​ថៃ​គ្រោង​បើក​ផ្សារ​ទំនើប​ជាច្រើន​កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ ក្រុមហ៊ុន​ Big​ C Supercenter​ គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦ កន្លែងនៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​ ខណៈ​ខ្លួន​នឹង​ចំណាយ​ថវិកា​ចំនួន​ ៦,៥​ ពាន់​លាន​បាត​ (២១៥.៦​ លាន​ដុល្លារ​) នៅ​ឆ្នាំក្រោយ​សម្រាប់​ការពង្រីក​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។

លោក​ Gary​ Hardy​ ប្រធាន​ផ្នែក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​សម្រាប់​ប្រតិបត្តិ​ការអន្តរជាតិ​បាន​បាន​ថ្លែង​ក្នុង​សេចក្តី​រាយការណ៍​ក្នុង​កាសែត​បាងកក​ប៉ុស្តិ៍​កាល​ពី​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ពង្រីក​អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា​ និង​បង្កើត​ការងារ​ចំនួន​ ១,២០០​ កន្លែង​ក្នុងរយៈពេល​ ៥ ឆ្នាំខាងមុខ​។

លោក​ បាន​បន្ត​ថា​ “ក្រុមហ៊ុន​គ្រោង​នឹង​បើក​ផ្សារ​ទំនើប​ Big​ C ៥ ឬ ៦ នៅ​ភ្នំពេញ​ និង​សៀមរាប​ក្នុងរយៈពេល​ ២ ឆ្នាំខាងមុខ​”។ លោក​ បាន​មានប្រសាសន៍​ថា​ “ចាប់ពី​ឆ្នាំក្រោយ​យើង​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដើម្បី​ពង្រីក​អាជីវកម្ម​លក់រាយ​របស់​យើង​នៅ​ក្រៅប្រទេស​ដោយ​ផ្តោត​លើ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​ដែល​មាន​សេដ្ឋកិច្ច​រឹងមាំ​”។

ផលិតផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ៧ ភាគរយ​ក្នុង​មួយឆ្នាំ​ជាមធ្យម​ក្នុងរយៈពេល​ ៥ ឆ្នាំ​កន្លងមក​ ហើយ​អំណាច​នៃ​ការទិញ​ក្នុងចំណោម​ប្រជាជន​ក្នុង​ស្រុក​កំពុងតែ​កើនឡើង​។ ផ្សារ​ទំនើប​ Big​ C ប៉ោយប៉ែត​គឺជា​ផ្សារ​ដំបូង​គេ​របស់​យើង​នៅ​កម្ពុជា​។

លោក​បន្ត​ថា​ ក្រុមហ៊ុន​បាន​វិនិយោគ​ ៣០០​ លាន​បាត​ដើម្បី​សាងសង់​ Big​ C Poipet​ លើ​ផ្ទៃដី​ទំហំ​ ២០​ រ៉ៃ​។ ផ្សារ​ទំនើប​មាន​ទំហំ​ ៨,០០០​ ម៉ែត្រការ៉េ​ដែល​មានផ្ទៃ​ដី​លក់​ ៣,០០០​ ម៉ែត្រការ៉េ​ និង​មាន​ទំហំ​ជួល​ ៥,០០០​ ម៉ែត្រការ៉េ​។រាល់​ទីធ្លា​ទាំងអស់​ត្រូវ​បាន​ជួល​ដោយ​សហគ្រិន​ថៃ​ និង​ក្នុង​ស្រុក​មក​ពី​វិស័យ​ជាច្រើន​រួមមាន​រោងភាពយន្ត​ Major​ Cineplex​ ដែល​ជា​ប្រតិបត្តិ​ករ​រោងកុន​ធំ​បំផុត​របស់​ថៃ​។

លោក​ Hardy​ រំពឹង​ថា​នឹង​លក់​បាន​ ២៥០​ លាន​បាត​ពីសា​ខា​ Big​ C Poipet​ ក្នុង​ឆ្នាំ​ដំបូង​នៃ​ប្រតិបត្តិ​ការ​ ហើយ​រំពឹង​ថា​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​ ៥ និង៦​ ភា​ករយ​នា​ពេល​អនាគត​។នៅ​ឆ្នាំ​ ២០១៩​ Big​ C ប្រតិបត្តិ​ការ​ផ្សារ​ទំនើប​ ១៥៣​ ផ្សារ​ធំ​ ផ្សារ​ Big​ C ៦៣​ កន្លែង​ និង​ហាង​ Big​ Mini​ C ចំនួន​ ១,០១៨​ ដែល​មានផ្ទៃ​ដី​ ៩០០,០០០​ ម៉ែត្រការ៉េ​។

ការ​លក់​របស់​ Big​ C មាន​ចំនួន​សរុប​ ១៤០​ ពាន់​លាន​បាត​ក្នុង​ឆ្នាំ​ ២០១៨​ ហើយ​រំពឹង​ថា​នឹង​កើនឡើង​ ៥ ភាគរយ​នៅ​ឆ្នាំនេះ​។អ្នកជំនាញ​បាន​ព្យាករណ៍​ថា​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​កើន​ដល់​ជាង​ ៤០​ ក្នុងរយៈ​ត្រឹមតែ២​ ទៅ៣​ ឆ្នាំខាងមុខ​នេះ​ ខណៈ​ផ្សារ​ទំនើប​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ចំនួន​ជាង២០ផ្សារ​រួច​ទៅ​ហើយ​។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​ជាន់ខ្ពស់​ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ​ CBRE​ Cambodia​ កញ្ញា​ គឹម​ គិ​នកេ​សា​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ ថា​ នេះ​គឺ​ចំណុច​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​មាន​ផ្សារ​ទំនើប​ច្រើនបែប​នេះ​ យ៉ាងណាក៏ដោយ​ផ្សារ​ទំនើប​មួយចំនួន​ មាន​លក្ខណៈ​ទ្រង់​ទ្រា​យតូចៗ​ ដែលគេ​ហៅថា​ផ្សារ​សហគមន៍​ (Community​ Malls​) ដែល​មាន​ទី​តាំង​ផ្សេង​ៗពីគ្នា​។

លោក​ ង៉ែ​ ជូ​ អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​យៈ​ពេល​ប៉ុន្មាន​កន្លងមក​នេះ​ ផ្សារ​ទំនើប​នៅក្នុង​ប្រទេស​ក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​នឹង​បន្ត​កើនឡើង​ច្រើន​ទៅមុខ​ទៀត​ តែ​អំណាច​នៃ​ការ​ដើរ​ទិញទំនិញ​ រប​សប្រ​ជា​ពលរដ្ឋខ្មែរ​ហាក់​នៅ​មានកម្រិត​នៅឡើយ​ ។

លោក​បន្ត​ថា​ “បើ​ទោះបី​អំណាច​នៃ​ការទិញ​របស់​ប្រជាពលរដ្ឋ​ នៅ​មានកម្រិត​ក៏ដោយ​ ប៉ុន្តែ​ផ្សារ​ទំនើប​ទាំងនោះ​អាច​បន្ត​ឈរជើង​នឹង​បាន​”។ លោក​បន្ត​ថា​ “យ៉ាងណា​ចំពោះ​ចក្ខុវិស័យ​របស់​អ្នក​អភិវឌ្ឍន៍​ គឺ​គេ​សំឡឹង​មើលទៅ​មុខ​ ពោល​គឺ​មិន​សំដៅ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ហើយ​ការ​វិនិយោគ​លើ​ផ្សារ​ទំនើប​នេះ​ថែ​ទៀត​ គឺ​ស្ថិតនៅ​គ្រប់​ជាយ​នៃ​ទីក្រុង​ភ្នំពេញ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here