ដោយៈ រ៉ាណេត
ភ្នំពេញៈ រមណីយដ្ឋានអង្គរ រយៈពេលពេញមួយឆ្នាំកន្លងមក បានរកចំណូលជិត ១០០លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងការមកដល់របស់ភ្ញៀវទេសចរចំរុះជាតិសាសន៍សរុបជាង២លាននាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ កន្លងមកបានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនា រមណីយដ្ឋានអង្គរនេះ មានការថយជិត១៥ភាគរយ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ។
នៅក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរបរទេសចំរុះជាតិសាសន៍ចំនួន ២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានចំណូលសរុបប្រមាណ៩៩, ០៨៨,៨៩៤ ដុល្លារអាមេរិក។ ដោយឡែកនៅក្នុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ២០៨,៤៣០នាក់ រកចំណូលបាន ៩,៥៣៣,៤២០ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
គ្រឹះស្ថានអង្គរក៏បានឱ្យដឹងផងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៩ ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៤,៤១១,៣៩៤ដុល្លារអាមេរិក។
សម្រាប់ឆ្នាំ២០២០នេះ ដើម្បីជំរុញកំណើនវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បានទទួលជួនពិភាក្សាការងារវិនិយោគសំខាន់ៗ មួយចំនួនពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ជាមួយវិនិយោគចិនធំៗនៅក្នុងទីក្រុង SANYA ខេត្តហៃណាន ប្រទេសចិន។
នៅក្នុងកិច្ចជំនួបកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកស្រី ហ៊ុន ដានី បានបង្ហាញពីឱកាសវិនិយោគសំខាន់ៗនៅកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ ស្របពេលដែលចំនួនភ្ញៀវទេសចរចិននៅកម្ពុជា នៅតែបន្តមានកំណើន។ ជាក់ស្តែងនៅក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ ៥,២៩៦,០៨៨នាក់ កើនឡើង៩.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
លោកស្រីបានស្នើបន្ថែមទៅក្រុមវិនិយោគិនចិន ឱ្យសម្លឹងឱកាសវិនិយោគ និងចាប់អារម្មណ៍ចំពោះគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជាដូចជា៖ ខេត្តកំពត ខេត្តតំបន់ភូមិភាគឦសាន និងខេត្តកំពង់ធំ ដែលនៅទីនោះមានប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិក ភណ្ឌពិភពលោក ដូចប្រាសាទអង្គរវត្តផងដែរ។
លោកស្រីក៏បានចាប់អារម្មណ៍ ចំពោះឱកាសវិនិយោគមួយទៀត គឺការបង្កើតកញ្ច ប់ទស្សនកិច្ចតាមនាវា (Cruise Tourism) រវាងខេត្តហៃណាន និងខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត ដែលនឹងមានការតភ្ជាប់ទៅកំពង់ផែទឹកជ្រៅ នៅខេត្តកំពតមួយទៀតដែលកំពុងសាងសង់៕