ដោយ ប៊ី
ភ្នំពេញៈ កម្ពុជានៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅអាស៊ីអាគ្នេយ៍ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
ដើម្បីទ្រទ្រង់វឌ្ឍនភាពបន្ថែមទៀត ប្រទេសនេះចាំបាច់ត្រូវវិភាជន៍ចំណាយបន្ថែមទៅក្នុងវិស័យអាទិភាព ដូចជាការអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងបរិបទនៃផែនការហិរញ្ញប្បទានប្រកបដោយចីរភាព។
កិច្ចខិតខំប្រឹងប្រែងនានាចាំបាច់ ត្រូវបន្តបង្កើនប្រសិទ្ធភាពចំណាយ ការអនុវត្តន៍ការគ្រប់គ្រងការវិនិយោគសាធារណៈ និងការសម្របសម្រួលគ្នានៅតាមអង្គភាពនានារបស់រដ្ឋាភិបាល។ ការគាំទ្រពីដៃគូអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជនក៏ចាំបាច់ផងដែរ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែរឹងមាំជាមួយកំណើន៧ភាគរយ ក្នុងឆ្នាំ២០១៩ ហើយប្រទេសនេះ នៅតែបន្តជំរុញរបៀបវារៈអភិវឌ្ឍន៍របស់ខ្លួន។ នេះបើយោងតាមការវាយតម្លៃសេដ្ឋកិច្ចចុងក្រោយរបស់IMF។
ការចូលរួមរបស់វិស័យសាធារណៈ និងវិស័យឯកជនបានធ្វើឱ្យប្រសើរឡើងនូវការទទួលបាន និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាអគ្គិសនី និងផ្លូវថ្នល់។ ការចំណាយសាធារណៈលើសុខភាព និងការអប់រំក៏កើនឡើងដែលនាំឱ្យមានគុណភាព និងលទ្ធភាពប្រសើរឡើង។ ឧទាហរណ៍ ជាលទ្ធផល អត្រាចុះឈ្មោះចូលរៀននៅបឋមសិក្សាបានឈានដល់ជិត១០០ភាគរយហើយ។
កម្ពុជានៅតែបន្តផ្តល់អាទិភាព ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយដាក់បញ្ចូល (រួមជាមួយគោលដៅបន្ថែមមួយទៀត) ទៅក្នុងអាទិភាពគោលនយោបាយជាតិរបស់ប្រទេស។ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថ្មី ឆ្លុះបញ្ចាំងពីក្របខ័ណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងជាមូលដ្ឋានសម្រាប់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់ឆ្នាំ ២០១៩–២៣។
ទោះយ៉ាងណា ផែនការអភិវឌ្ឍប្រកបដោយមហិច្ឆតា របស់ប្រទេសនេះនឹងទាមទារឱ្យមានការខិតខំប្រឹងប្រែង ផ្នែកគោលនយោបាយបន្ថែមទៀត នៅតាមផ្នែកជាច្រើន។ ទោះបីមានការរីកចម្រើននាពេលថ្មីៗនេះក៏ដោយ កម្ពុជានៅមានភាពយឺតយ៉ាវជាងដៃគូ ក្នុងតំបន់ទាក់ទងនឹងលទ្ធភាពទទួលបាន និងគុណភាពសេវាកម្មសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។
ការប៉ាន់ប្រមាណបានបង្ហាញថា ការចំណាយកាន់តែច្រើន គឺចាំបាច់ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលត្រូវបានជ្រើសរើស និងកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប។ បរិមាណ និងគុណភាពនៃសេវាសុខភាព និងការអប់រំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ត្រូវកែលំអ។
បុគ្គលិករបស់ IMF ប៉ាន់ប្រមាណថា ការចំណាយបន្ថែមប្រហែល៧½ ភាគរយនៃផលិតផលសុរបក្នុងស្រុកឆ្នាំ២០៣០របស់កម្ពុជា គឺត្រូវការជាចាំបាច់ដើម្បីជួយជាថវិកាដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អាទិភាពដោយមានការអប់រំ និងសុខាភិបាលដែលមានប្រហែល២ ភាគ៣នៃតម្រូវការសរុប។ ខណៈពេលដែលតម្រូវការចំណាយសម្រាប់ការឈានដល់គោលដៅទឹកស្អាត និងអនាម័យគឺតិចតូច ហើយការសម្រេចបាននូវការប្រើប្រាស់អគ្គិសនី និងផ្លូវថ្នល់នឹងត្រូវការចំណាយប្រចាំឆ្នាំបន្ថែម យ៉ាងហោចណាស់២ភាគរយនៃ GDP ដែលបានគ្រោងទុកនៅឆ្នាំ២០៣០។
ការប៉ាន់ស្មានទាំងនេះ មានចំណែកខ្លះសម្រាប់គោលនយោបាយកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ដូចជាការកើនឡើង នៃការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យដើម្បីបង្កើតអគ្គិសនី) និងថ្លៃដើមថែទាំ។
សកម្មភាពគោលនយោបាយ
គោលនយោបាយសារពើពន្ធ ដែលបានរៀបចំយ៉ាងល្អអាចជួយគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ការចំណាយបន្ថែមលើការអប់រំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ ស្របតាមអាទិភាពជាយុទ្ធសាស្ត្រថ្នាក់ជាតិ នឹងគាំទ្រវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេស។ ការកែលំអប្រសិទ្ធភាពនៃចំណាយ និងការអនុវត្តការគ្រប់គ្រងការវិនិយោគសាធារណៈ រួមទាំងតាមរយៈការសម្របសម្រួលឱ្យបានល្អប្រសើរ នៅតាមអង្គភាពនានារបស់រដ្ឋាភិបាលគឺចាំបាច់។
ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់តម្រូវការចំណាយ ដោយមិនចាំបាច់យកបំណុលសាធារណៈកម្រិតខ្ពស់ កិច្ចខិតខំប្រឹងប្រែងនានា ចាំបាច់ត្រូវបន្តប្រមូលចំណូលក្នុងស្រុកបន្ថែមទៀត។ រដ្ឋាភិបាលក៏អាចទាញប្រាក់បញ្ញើរបស់ខ្លួនមួយផ្នែកខ្លី នៅលក្ខខណ្ឌសម្បទាន និងនាំដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមដែលអាចធ្វើទៅបាន។
បន្ថែមលើការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មសង្គម និងហេដ្ឋារចនាសម្ព័ន្ធ ឈានមុខគេក្នុងបញ្ជីអាទិភាព គឺបន្តកែលម្អនិរន្តរភាពបរិស្ថាន។ នេះរួមបញ្ចូលទាំងគោលនយោបាយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដោយឧទាហរណ៍ ការផ្លាស់ប្តូរឆ្ពោះទៅរកប្រភពថាមពលដែលអាចកកើតឡើងវិញបាន និងគ្រោះមហន្តរាយធម្មជាតិ និងការត្រៀមលក្ខណៈប្រែប្រួលអាកាសធាតុ៕






