ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អគុណភាព នៃការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ ដោយបានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាបដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយ ស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។
លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ មានប្រសាសន៍នៅក្នុងជំនួពិភាក្សាការងារ ជាមួយអភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង នៅព្រឹកថ្ងៃទី២ខែមករានេះឱ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានីខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។
-->
លោកបន្តថា “ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លី នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លី នៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញ ដែលជាហេតុផ្តល់សេវាពុំសូវបានល្អ”។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រ ចំពោះការកែទម្រង់ លើការផ្តល់សេវាផ្នែកដែនដី នគរូបនីយកម្ម និងសំណង់នៅថ្នាក់រាជធានីខេត្តនេះថា នឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាងមុន ពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព។
លោកបន្តថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាង លើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។
អ្នកអភិវឌ្ឍន៍ជាច្រើន បានបង្ហាញពីការរិះគន់ទៅលើស្ថាប័នពាក់ព័ន្ធនានា ដែលធ្វើឲ្យមានការិយាធិបតេយ្យ នៅក្នុងការផ្តល់និតិវិធីច្បាប់ស្នើសុំការគ្រប់គ្រងកម្មសិទ្ឋដី និងគម្រោងការសាងសង់នានា មានភាពយឺតយ៉ាវ ដែលកំពុងតែកើតមាននៅពេលបច្ចុប្បន្ននេះ។
ភាពយឺតយ៉ាវ នៃការផ្តល់សេវាច្បាប់គ្រប់គ្រងកម្មសិទ្ឋដី ច្បាប់អភិវឌ្ឍន៏ដី និងច្បាប់សាងសង់ដល់ម្ចាស់គម្រោងអភិវឌ្ឍន៍ ពីសំណាក់អជ្ញាធរមូលដ្ឋាន ដែលបម្រើសេវាសាធារណៈ នៅតែជាចំណុចមួយដ៏រសើបដដែល ខណៈដែលភាពយឺតយ៉ាវមួយចំនួន អាចជាប់ពាក់ព័ន្ធទៅនឹងអសមត្ថភាព និងអំពើពុករលួយដល់ឆ្អឹងរបស់មន្ត្រីផ្តល់សេវាកម្ម។
ម្ចាស់គម្រោងអភិវឌ្ឍន៍នានាបានលើកឡើងថា ករណីគម្រោងពុះដីឡូត៍ និងគម្រោងសំណង់ខុសច្បាប់នៅកម្ពុជាមួយចំនួន អាចជាប់ពាក់ព័ន្ធអសម្ថភាព នៃបុគ្គលមិនយល់ពីការងារ និងអំពើពុករលួយរបស់មន្ត្រីផ្តល់សេវាកម្ម ដែលមិនព្រមចេញច្បាប់សាងសង់ ឬរកហេតុផលផ្សេងៗ បង្កជាឧបសគ្គក្នុងការសុំច្បាប់សាងសង់ ជាហេតុនាំឱ្យម្ចាស់គម្រោងបង្ខំចិត្តសាងសង់ទាំងមិនមានច្បាប់អនុញ្ញាត។
លោកទួស សាភឿន សាស្ត្រាចារ្យ និងជាស្ថាបត្យករអាស៊ាន ផ្នែកផ្នែកស្ថាបត្យកម្ម និងសំណង់ដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia កន្លងមកនេះថា របៀបធ្វើការរបស់អជ្ញាធរមូលដ្ឋានមួយចំនួន អាចប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍរបស់សង្គម និងសេដ្ឋកិច្ចជាតិ។
លោកបានលើកជាសំណួរថា “តើក្រុមហ៊ុនរកស៊ីគម្រោងដីឡូតិ៍ ក៏ដូចជាក្រុមហ៊ុនសាងសង់សំណង់មួយចំនួន ដែលអាជ្ញាធរបានប្រកាសថា មិនមានច្បាប់ត្រឹមត្រូវ តើវាជាកំហុសរបស់ក្រុមហ៊ុន ឬជាកំហុសរបស់អជ្ញាធរមូលដ្ឋាន?”។ លោកបន្តទៀតថា “អាជ្ញាធរ ត្រូវឈរក្នុងនាមជាអ្នកផ្តល់សេវាកម្មផ្លូវច្បាប់ និងសម្របសម្រួលគ្រប់បែបយ៉ាងដែលស្ថិតនៅក្នុងផ្លូវច្បាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ មិនមែនយកតួនាទីរបស់ខ្លួនធ្វើជាឧបសគ្គក្នុងការអភិវឌ្ឍ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ”។
លោកសាស្រ្តាចារ្យទួស សាភឿនបានបញ្ជាក់ថា គ្រប់ក្រុមហ៊ុនវិនិយោគវិស័យអចលនទ្រព្យ និងសំណង់ទាំងអស់ គឺសុទ្ធតែធ្វើឡើងក្នុងគោលបំណង ទទួលបាននូវទុនបង្វិលត្រឡប់មកវិញលឿន ដែលឆ្លើយតបទៅនឹងការវិនិយោគ នៅក្នុងរយៈពេលណាមួយ ប៉ុន្តែនៅពេលរង់ចាំច្បាប់អនុញ្ញាតពីអជ្ញាធររាប់ខែ រាប់ឆ្នាំ មិនទាន់បាននោះ វានឹងក្លាយទៅជាឧបសគ្គដល់ការវិនិយោគ ហើយក៏ជាការរាំងស្ទះ ក្នុងកិច្ចអភិវឌ្ឍរបស់សង្គមជាតិផងដែរ៕