គំរូប្លង់ស្ថាបត្យកម្មនៃសំណង់ស្ពានថ្មថ្មីបាត់ដំបងត្រូវបានបង្ហាញជាសាធារណៈ

0

ដោយ ហ្សូលី

បាត់ដំបងៈ គំរូប្លង់ស្ថាបត្យកម្មនៃសំណង់ស្ពានថ្មឆ្លងកាត់ថ្មី នៅតាមបណ្តោយដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងកិច្ចប្រជុំពិភាក្សាគ្នាអំពីការសាងសង់ស្ពានថ្មថ្មី ដោយយកលំនាំដើមតាមស្ពានចាស់។

កិច្ចប្រជុំរវាងអន្តរក្រសួង និងរដ្ឋបាលខេត្តបាត់ដំបង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែមករា ឆ្នាំនេះ នៅសាលាខេត្តបាត់ដំបងមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។ ក្នុងនោះក៏មានការបញ្ចេញមតិ ចូលរួមពីបញ្ហាបច្ចេកទេសផ្សេងៗ ពាក់ព័ន្ធការសាងសង់ស្ពានថ្មថ្មីពីខាងនាយកដ្ឋាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងក្រសួង រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។ ស្ពានថ្មថ្មីនេះ នឹងត្រូវសាងសង់តាមលំនាំស្ពានចាស់ដែលមានអាយុកាលប្រមាណ១០៣ឆ្នាំមកហើយ។

យោងតាមគំរូប្លង់ស្ថាបត្យកម្មបានបង្ហាញថា ស្ពានឆ្លងកាត់ថ្មីនេះបានឱ្យដឹងថា ស្ពាននេះជាគម្រោងស្ពានបេតុង មានចម្ងាយចន្លោះពីស្ពានចាស់ប្រមាណ៦ម៉ែត្រ ស្ថិតនៅខាងត្បូងស្ពានចាស់ មានទទឹងចំនួន៨ម៉ែត្រ និងបណ្តោយប្រវែង១០០ម៉ែត្រ។

លោកងួន រតនៈ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា ក្រោយកិច្ចប្រជុំនេះ ខេត្តនឹងរង់ចាំការសម្រេចកញ្ចប់ថវិកា ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីជួសជុលស្ពានចាស់ដោយស្ពានថ្មី ដោយភាគីកងវិស្វកម្មជាអ្នកកសាង។ មិនតែប៉ុណ្ណោះ អភិបាលខេត្តបាត់ដំបងរូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបង កុំមានការបារម្ភទៀត ព្រោះស្ពានចាស់នៅតែបន្តជួសជុលអភិរក្ស រីឯស្ពានថ្មីក៏ធ្វើបន្ថែម បង្កភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ព្រមទាំងបានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here