ដោយ ប៊ី
ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២០ ត្រូវបានរំពឹងថាអាចសម្រេចបានក្នុងរង្វង់ ៧% ជាមួយនឹងកម្រិតអតិផរណាប្រមាណ ២,៣% ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA (ប្រព័ន្ធអនុគ្រោះពន្ធ) ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ។ នេះយោងតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ រៀបចំដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០។
ការរំពឹងទុកនេះ ផ្អែកលើការព្យាករពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងរួមចំណែកផ្តល់ភាពអំណោយផលដល់ការនាំចេញវិនិយោគបរទេស និងវិស័យទេសចរណ៍កម្ពុជា ស្របពេលដែលសេដ្ឋកិច្ចទទួលបានលទ្ធផលជាលំដាប់ពីការធ្វើពិពិធកម្មមូលដ្ឋានកំណើន និងការកែទម្រង់ស៊ីជម្រៅសម្រាប់គាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយចីរភាព។
ការនាំចេញរំពឹងថានឹងបន្តមានកំណើនក្នុងអត្រាខ្ពស់ ពិសេសការនាំចេញទំនិញសម្រាប់ធ្វើដំណើរ ទំនិញកម្មន្តសាលផ្សេងៗ ទោះបីជាកំណើនការនាំចេញ សម្លៀកបំពាក់អាចថមថយល្បឿនក៏ដោយ។
របាយការណ៍បានបញ្ជាក់ថា ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ ក៏ដោយ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាបន្តមានកំណើន ដោយសារ ៖ យន្តការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ ៦ខែ ក្រោយពីការសម្រេច។
កម្ពុជានៅតែអាចនាំចេញទៅសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដក ក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែ អាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ដោយសារការដាក់ពន្ធក្នុងរង្វង់ ០,១% ទៅ ១២,៥% ទៅតាមប្រភេទទំនិញ ប៉ុន្តែប្រសិនបើតម្រូវការរបស់សហភាពអឺរ៉ុបមកលើទំនិញនាំចេញពីកម្ពុជានៅតែមាន នោះការនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុប ក៏នៅតែមានកំណើន ផងដែរ ជាពិសេសក្រោយពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយសារទំនិញកម្ពុជានាំចេញទៅអង់គ្លេសមានចំនួន ២០% នៃការនាំចេញទៅសហភាពអឺរ៉ុប។ កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ដោយសារការបង្កើនមានលក្ខណៈសន្សឹមៗ ស្របពេលដែលផលិតភាពក៏បានកើនឡើងផងដែរ និងរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម អភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្ម ព្រមទាំងបានអនុវត្តការកែទម្រង់ចាំបាច់នានា សំដៅបង្កើតបរិយាកាសកាន់តែអំណោយផលដល់ការវិនិយោគ ជំរុញផលិតកម្មក្នុងស្រុក និងលើកកម្ពស់ការធ្វើពិពិធកម្មផលិតផល និងទីផ្សារនាំចេញជាដើម។
កំណើនសេដ្ឋកិច្ចកម្ពុជាក៏នឹងត្រូវគាំទ្រដោយលំហូរវិនិយោគផ្ទាល់បរទេសដែលរំពឹងថាបន្តមានកំណើនរឹងមាំ ជាមួយនឹងការបង្កើនការវិនិយោគ នៃប្រទេសក្នុងតំបន់ ដែលអំណោយផលដោយសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការបង្វែរទិសដៅវិនិយោគមកតំបន់អាស៊ីរួមមានកម្ពុជា ផងដែរ។
វិស័យសំណង់និងអចលនទ្រព្យបន្តកើនឡើង ដែលឆ្លុះបញ្ចាំងដោយនិន្នាការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងគម្រោងសាងសង់ដែលទទួលបានការអនុម័ត។ ភ្ញៀវទេសចរបរទេសបន្តកើនឡើងជាលំដាប់ជាពិសេសមកកាន់តំបន់ឆ្នេរនិងក្នុងគោលបំណងធុរកិច្ច។
ទន្ទឹមនេះ តម្រូវការនិងការវិនិយោគក្នុងស្រុកបន្តកើនឡើងយ៉ាងរឹងមាំ ដែលរួមចំណែកជំរុញដោយកំណើនចំណូលរបស់ប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយវិត្ថារកម្មថវិកា និងកំណើនឥណទាននៃវិស័យធនាគារនិងហិរញ្ញវត្ថុ។
ថ្មីៗនេះគម្រោងសាងសង់ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក៏បានអនុម័ត ហើយកំពុងអនុវត្ត ដែលបង្ហាញពីទស្សនទានវិជ្ជមានលើការប្រើប្រាស់របស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនមានចំណូលមធ្យម ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕







