ដោយវុត្ថា
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ សហការជាមួយជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់គ្រោងរៀបចំទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០ ជាកន្លែងរមណីយដ្ឋានថ្មីលើទំហំដី២ ហិកតា ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តឱ្យបានទៀងទាត់។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា កន្លងមក មានភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិទៅលេងនៅទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០នេះ នៅក្នុងរដូវបុណ្យទានធំៗតែប៉ុណ្ណោះ ហើយក្រោយពីរៀបចំហើយ រំពឹងថា នឹងមានប្រជពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្តរៀងរាល់សប្តាហ៍បានកាន់តែច្រើនថែមទៀត។
លោកបន្តថា ទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០ គឺមានទីតាំងស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ដែលនៅមិនឆ្ងាយពីវត្តសសរ ១០០នោះទេ ដោយគ្រោងរៀបចំឲ្យមានស្ពានបណ្តែតទឹក រោងទឹក សេវាកម្មម្ហូបអាហារ និងសេវាកម្មកម្សាន្ដនានានៅលើឆ្នេរខ្សាច់ទំហំប្រមាណ ២ហិកតា។ ហើយជាគោលការណ៍ គ្រោងចំណាយ ថវិកាប្រមាណ ៣ ទៅ ៤ពាន់ដុល្លារក្នុងការសាងសង់ស្ពានឆ្លងកាត់ ដោយមិនទាន់រាប់បញ្ចូលការសាងសង់រោងបណ្តែតទឹកនោះទេ។
លោកបន្តទៀតថា គោលបំណងសំខាន់ក្នុងការរៀបចំទីតាំងឆ្នេរខ្សាច់វត្តសរសរ១០០នេះ គឺដើម្បីសម្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែមានភាពងាយស្រួលក្នុងការមកលេងកម្សាន្ត ដោយក្នុងនោះយើងនឹងរៀបចំសាងសង់ស្ពានប្រមាណ ២១០ ម៉ែត្រ សម្រាប់ឆ្លង រៀបចំទីកន្លែងលេងទឹក លេងកីឡា និងមានប្រជាការពារមើលថែរក្សាឱ្យបានត្រឹមត្រូវ ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ថ្មីមួយទៀតរបស់ខេត្តក្រចេះ។
លោកបន្ថែមថា ម្យ៉ាងទៀត ជាយុទ្ធសាស្ត្រការរៀបចំអភិវឌ្ឍរមណីយដ្ឋាននេះនឹងអាចជួយកាត់បន្ថយការកកស្ទះភ្ញៀវទេសចរនៅរមណីយដ្ឋានកាំពី ភ្ចាប់ការទស្សនាពីវត្តសរសរ១០០ ទៅសហគមន៍អេកូទេសចរណ៍ និងអន្លង់ផ្សោតកោះផ្តៅ ទាក់ទាញភ្ញៀវមកទស្សនាខេត្តក្រចេះឲ្យកុះករបន្ថែមទៀត និងជាទម្រង់ភាពជាដៃគូររដ្ឋឯកជនផងដែរ (PPP)។
បើតាម លោកជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ខេត្តក្រចេះ មានតំបន់ទេសចរណ៍ប្រមាណ ១៨ កន្លែងនៅទូទាំងខេត្ត សម្រាប់បំរើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
យោងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បានបង្ហាញថា ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តក្រចេះនាឱកាសថ្ងៃចូលឆ្នាំសកល ឆ្នាំ២០២០ មានភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចំនួន ២.៦០០នាក់ធៀបឆ្នាំ២០១៩ ចំននួន២.៣០០នាក់ កើន៣០០នាក់ ស្មើ ១៣,០៤ % ក្នុងនោះទេសចរអន្តរជាតិ ចំនួន១៨០នាក់ ធៀបឆ្នាំ២០១៩ ចំនួន១៧០នាក់ កើន១០នាក់ ស្មើ ០៥,៨៨% ៕