ដោយ រ៉ាវី
ភ្នំពេញ ពីមុនយើងមិនធ្លាប់លឺពីតំបន់អារ៉ែងឡើយ ប៉ុន្តែតំបន់អាថ៌កំបាំងមួយនេះ ត្រូវបានប្រជាជនស្គាល់យ៉ាងទូលំទូលាយ ដោយសារការផ្សព្វផ្សាយពីរដ្ឋាភិបាល និងការចាកចេញរបស់លោកអាឡិក ដែលជាប្រធានអង្គការមាតាធម្មជាតិចេញពីតំបន់នេះ។
ជាមួយនឹងកិច្ចខិតខំថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អ្នកស្រឡាញ់ និងសេ្នហាសម្បត្តិធម្មជាតិនៅកម្ពុជា ក្រោមការចូលរួមយ៉ាងសកម្មពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិមួយចំនួនផងដែរនោះ អារ៉ែង ដែលជាតំបន់ព្រៃត្រូពិកធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមានទស្សនីយភាពទេសចរណ៍ស្រស់បំព្រង និងពោរពេញទៅដោយធនធានធម្មជាតិ និងជីវចម្រុះយ៉ាងសំបូរបែប បាន ផ្លាស់ប្ដូរមុខមាត់ថ្មីពីតំបន់ព្រៃដ៏ស្ងាត់ជ្រងំ ទៅជាតំបន់សហគមន៍ទេសចរណ៍ដ៏អស្ចារ្យជាងគេនៃតំបន់ព្រៃត្រូពិក។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឱ្យដឹងក្នុងសប្តាហ៍នេះថា ក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នឹងជួយជ្រោមជ្រែងសហគមន៍ទេសចរណ៍អារ៉ែង ឱ្យមានការរីកចម្រើន កាន់តែខ្លាំង ដំដៅជំរុញឱ្យប្រជាសហគមន៍ ចូលរួមចំណែកការពារធនធានធម្មជាតិតាមរយៈ ការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមកលេងតំបន់នេះ។
លោកថ្លែងទៀតថា ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលលើជំនាញមគ្គុទេសក៍ទេសចរណ៍សហគមន៍ សុវត្ថិភាពចំណីអាហារ អនាម័យ និងបរិស្ថានដល់ប្រជាសហគមន៍នៅតំបន់នោះ។ ក្រៅពីនេះយើងក៏បាន និងកំពុងសាងសង់ហេ ដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទូរគមនាគមន៍ មណ្ឌសុខភាព មណ្ឌលរដ្ឋបាល និងសកម្មភាពជាច្រើនទៀត ដើម្បីជំរុញឱ្យកាន់តែមានភាពងាយស្រួលដល់ ភ្ញៀវទេសចរដែលមានបំណងទៅទស្សនាតំបន់អារ៉ែង រួមទាំងប្រជាជនដែលរស់នៅតំបន់នេះផ្ទាល់។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍នឹងផ្តល់កុំព្យូទ័រចំនួន៤គ្រឿង ដល់សហគមន៍ បំពាក់ឧបករណ៍សំឡេងចល័ត២គ្រឿង ផ្តល់ការបណ្តុះបណ្តាលមគ្គុទ្ទេសទេសចរណ៍ អ្នកជំនាញចំអិនម្ហូបអាហារ អ្នកផលិតចម្រៀងបង្ហាញអំពីសក្តានុពលអេកូទេសចរណ៍ រួមជាមួយនឹងការផ្តល់ជូននូវអណ្តូងទឹកមួយចំនួនថែមទៀតផងដែរ។