ដោយវុត្ថា
សៀមរាបៈ វិនិយោគិនដែលបាននិង កំពុងធ្វើអាជីវកម្មនៅខេត្តសៀមរាបបានត្អូញត្អែរ ពីការធ្លាក់ចុះភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប ដែលធ្វើឱ្យសណ្ឋាគារមួយចំនួនត្រូវបានបិតទ្វា និងមិនទទួលបានចំណូលច្រើនដូចកាលពីពេលមុន និងបានស្នើឱ្យអាជ្ញាធរដោះស្រាយបញ្ហាប្រឈមមួយចំនួន នៅក្នុងខេត្តដើម្បីបង្កើនភ្ញៀវទេសចរប្រកបដោយនិរន្តរភាពឡើងវិញ។
យោងតាមកិច្ចប្រជុំស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព រវាងរដ្ឋបាលខេត្តសៀមរាប និងវិនិយោគិនជាតិ អន្តរជាតិ កាលពីថ្ងៃទី៣ ខែមករា ម្សិលមិញនេះ វិនិយោគិនជាច្រើនបានលើកឡើង អំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃភ្ញៀវទេសចរនៅខេត្តសៀមរាប ព្រមទាំងការឈប់ធ្វើអាជីវកម្មរបស់សណ្ឋាគារមួយចំនួន នៅក្នុងខេត្តសៀមរាប ។
ក្រុមវិនិយោគិនដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងពីការត្អូញត្អែរដោយផ្តោតទៅលើបញ្ហាទេសចរណ៍វប្បធម៌ បរិស្ថាន ផ្លូវថ្នល់ អនាម័យ ឲ្យប្រកបដោយនិរន្តរភាព និង បញ្ឈប់នូវភាពប្រងើយកន្តើយរបស់មន្ត្រីបដិសណ្ឋាកិច្ច ចំពោះភ្ញៀវទេសចរណ៍នៅគ្រប់ច្រកទ្វារចេញ ចូល ព្រមទាំងយកចិត្តទុកដាក់ពីបញ្ហាសណ្ឋាប់ធ្នាប់សាធារណៈ ឲ្យបានជាប្រចាំ និងកំណត់ទីចំណតម៉ូតូរ៉ឺម៉ក់កង់បីឲ្យបានត្រឹមត្រូវ ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន សំខាន់ទីផ្លូវថ្មើរជើង សម្រាប់ភ្ញៀរដើរកម្សាន្តក្នុងក្រុង និង សុំឲ្យលុបបំបាត់ការយកចញ្ជើមផ្លូវទៅធ្វើទីកន្លែងលក់ដូរទៀតផង ។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងថា រាល់ចំណុចមួយចំនួនដែលបងប្អូនបានលើកមកនេះ គឺត្រូវបានគេធ្វើការវាយប្រហារដល់អាជ្ញាធរខេត្តនាពេលកន្លងមក តាមប្រព័ន្ធព័ត៌មានសង្គម តែមួយចំនួនអាជ្ញាធរខេត្ត ក៏បានកំពុងធ្វើការអនុវត្តទៅតាមគម្រោងប្រចាំឆ្នាំរបស់ខេត្តផងដែរ។ លោកបន្តថា “ការជួបជុំរវាងរដ្ឋបាលខេត្ត និងវិនិយោគិនជាតិ អន្តរជាតិនាពេលនេះ គឺដើមី្បស្វែងរកនូវដំណោះស្រាយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព ដោយមិនចាំតែមើលបណ្តាំគ្នា រឹះគុណគ្នាទៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ”។ លោកបន្តថា “បញ្ហានេះបានធ្វើ ឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង ក្រុមគ្រួសារ ដូចជាការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍នាពេលនេះ គឺដោយបងប្អូនមួយចំនួនមិនបានគិតបានវែងឆ្ងាយ អំពីផលប្រយោជន៍ជាតិ និង សង្គមជាតិ”។
លោកក៏បានបញ្ជាក់ពីផែនការមេ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និង ជាទីក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ការធ្វើសមាហរណកម្មជាមួយផែនការគ្រប់គ្រងតំបន់អង្គរ (TMP)របស់អាជ្ញាធរជាតិអប្សរាផងដែរ ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានឱ្យដឹងដែរថា តាមពិតរឿងនេះកើតឡើងជាដដែល ៗ ហើយទាំងអាជ្ញាធរ និងអ្នករកស៊ីក្នុងវិស័យទេសចរណ៍ ត្រូវតែស្វែងរកចំណុចខ្វះខាតនៅក្នុងខេត្ត។ បើតាមពិនិត្យមើលជាក់ស្តែង គឺទាំងអាជ្ញាធរខេត្តក៏មានកំហុស និងវិស័យឯកជនក៏មានកំហុស ដែលការនេះ បានធ្វើឱ្យមានការចោទដាក់គ្នាទៅវិញទៅមក ដោយមិនព្រមស្វែងរកដំណោះស្រាយ។
លោកបន្តថា “នៅពេលស្ថានភាពភ្ញៀវធ្លាក់បែបនេះ ម្នាក់ៗកាន់តែរួញរា និងខ្លាចក្នុងការចំណាយលើការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តនៅក្នុងខេត្ត តើយើងបានចំណូលមកពីណា”។ លោកថា “កាលណាភ្ញៀវទេសចរណ៍ធ្លាក់ យើងកាន់តែជំរុញការផ្សព្វផ្សាយឱ្យបានច្រើន យើងមិនត្រូវរួញរានោះទេ”។
លោកបន្ថែមថា ក្រៅពីរដ្ឋាភិបាលត្រូវតែមានគោលនយោបាយ ពង្រីកបន្ថែមនៅចំណុចខ្វះខាតរបស់ខ្លួន ហើយវិស័យឯកជនក៏គួរតែភ្ញាក់រលឹក ក្នុងការចំណាយលើការផ្សព្វផ្សាយឱ្យបានកាន់តែច្រើន។ ជាមួយគ្នា អាជ្ញាធរខេត្តត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យឱ្យបានស្អាត និងបង្កើតផលិតទេសចរណ៍ថ្មីៗ រួមជាមួយនឹងការបង្កើតឱ្យមានការផ្សព្វផ្សាយឯករាជ្យរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ដោយមិនត្រូវពឹងផ្អែកខ្លាំងចំពោះការផ្សព្វផ្សាយរបស់ក្រសួងនោះទេ។
បើតាមអភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានកំណត់គោលដៅជាយុទ្ធសាស្រ្តសម្រាប់ការជម្រុញ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប -អង្គរ ដោយគិតគូរទៅលើការពង្រឹង គុណភាពសេវាទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាអោយគ្រប់ផលិត ផលទេសចរណ៍ និងសេវាកម្ម ទេសចរណ៍ ឲ្យមានគុណភាពស្របតាមទស្សនទានសេវាមួយ ស្តង់ដាមួយ និងការអភិវឌ្ឍធនធានមនុស្សបម្រើឲ្យវិស័យទេសចរណ៍ បុគ្គលម្នាក់ជំនាញមួយ ក្នុងនោះផងដែរ អាជ្ញាធរខេត្ត ក៏បានពង្រឹង និងយកចិត្តទុកដាក់ដល់ការគ្រប់គ្រង រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឲ្យមានការប្រែប្រួល និងអភិវឌ្ឍន៍បានកាន់តែល្អប្រសើឡើង ។
តាមរបាយការណ៍របស់មន្ទីរទេសចណ៍ខេត្តសៀមរាប បានបង្ហាញថា ស្ថានភាពភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកមានចំនួន ៤,២៦២,៣០៦នាក់ ភ្ញៀវទេសចរណ៍ជាតិ មាន ចំនួន២៥៦, ៦០៩នាក់ ភ្ញៀវទេសចរណ៍អន្តរជាតិ ២,២០៥,៦៧៩នាក់ ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ថយចុះ២០% ៕