ដោយវុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យអាកាសចរស៊ីវិលបានឱ្យដឹងថា មកដល់ពេលនេះ ការពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ សម្រេចបានប្រមាណ៧០ភាគរយហើយ ខណៈការស្ថាបនាពង្រីកកំពុងប្រព្រឹត្តិទៅដោយរលូន។
លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ កន្លងមកថា មកដល់ពេលនេះ ការស្ថាបនាពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ បានច្រើនហើយ និងអាចអនុញ្ញាតឱ្យយន្តហោះធុនធំអាចចុះចនបាននៅពាក់កណ្តាលឆ្នាំ២០២០នេះ។

-->
លោកបន្តថា “នៅពេលការបញ្ចប់ការពង្រីកនឹងអាចឱ្យយន្តហោះធុនធំ មកពីអាមេរិក និងអឺរ៉ុបអាចចុះចតបាន ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះ អាចចុះចតបានតែយន្តហោះធុនតូចតែប៉ុណ្ណោះ ដែលមកពីប្រទេសចិន និងក្នុងតំបន់”។
លោកបន្ថែមថា តាមផែនការនៅឆ្នាំក្រោយនេះ ព្រលានយន្តហោះនេះអាចពង្រីកផ្លូវរត់បានប្រវែងរហូតដល់៣៣០០ម៉ែត្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកាន់ខេត្តព្រះសីហនុ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នបានកំពុងប្រតិបត្តិការ ដោយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១៤ ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន៥ និងក្រុមហ៊ុនអន្តរជាតិចំនួន៩ ដោយបានភ្ជាប់ជើងហោះហើរត្រង់ពីក្រុងព្រះសីហនុ ទៅកាន់ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសចិនមានរហូត២៥ទីក្រុង។
លោកបន្តថា ការពង្រីក អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុនេះ ដើម្បីឱ្យក្លាយទៅជាច្រកចេញចូលអន្តរជាតិដ៏ទំនើប និងមានប្រសិទ្ធភាពសម្រាប់ ផ្សារភ្ជាប់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ក្នុងបរិបថនៃយុគ្គសម័យសកលភាវូបនីយកម្ម សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងទំនាក់ទំនងជាមួយនឹងពិភពលោក ។
លោកតាំង សុចិត្រក្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងងក្រោយនេះ កំណើននៃក្រុមហ៊ុនអាកាសចរណ៍ មកកាន់ខេត្តព្រះសីហនុមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែខេត្តមួយនេះ បានទាក់ទាញការវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនជាពិសេសវិនិយោគិនចិន។

លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាល បានចេញសេចក្តីជូនដឹងពីការបិតល្បែងអនឡាញ ជំនួនភ្ញៀវធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ហាក់មានការថយចុះ ដែលកាលពីមុនមានចំនួនពី៥ពាន់ ទៅ៧ពាន់នាក់ក្នុងមួយថ្ងៃ តែបច្ចុប្បន្ននេះមានប្រហែល១ទៅ៣ ពាន់ក្នុងមួយថ្ងៃ ហើយភ្ញៀវដែលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនគឺជាជនជាតិចិន។
ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ស្ថិតចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ ព្រលានយន្តហោះ មានផ្លូវរត់ប្រវែងប្រមាណ២៥០០ម៉ែត្រ ដែលអាចអោយយន្តហោះប្រភេទ Air Bus 320 ចុះចតបាន ព្រលានយន្តហោះនិងកំពុងពង្រីកវិសាលភាពផ្លូវរត់របស់ខ្លួនផងដែរ ។
បច្ចុប្បន្ន មានជើងហោះហើរពីខេត្តសៀមរាប ទៅមកខេត្តព្រះសីហនុ ពីប្រទេសកូរ៉េ-ខេត្តព្រះសីហនុ ម៉ាកាវ ប្រទេសចិន-ខេត្តព្រះសីហនុ ប្រទេសវៀតណាម-ខេត្តព្រះសីហនុ និងកំពុងពង្រឹងការហោះហើររបស់ខ្លួន តាមបណ្ដាប្រទេសមួយចំនួនទៀត។ ផ្លូវអាកាស ក៏ជាមធ្យោបាយមួយដើម្បីនាំភ្ញៀវទេសចរជាតិ អន្តរជាតិមក សម្រាកកម្សាន្ត និងទស្សនា ខេត្តព្រះសីហនុដែលជាតារារះនាទិសនារតី ជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត៕
