រមណីយដ្ឋានអង្គរនឹងមានភាពបៃតងទាំងខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០

0

ដោយ​វុត្ថា

​សៀម​រា​បៈ​ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ ​ភាព​ស្រស់ស្រាយ​ ​ទេសភាព​បៃតង​ ​និង​បរិស្ថាន​ល្អ​ក្នុង​រមណីយដ្ឋាន​អង្គរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ ​និង​កំពុង​យកចិត្ត​ទុកដាក់​ ​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​បរិវេណ​ប្រាសាទ​អង្គរ​ ​ដោយ​ចាប់ផ្តើម​ពី​ការ​ដាំ​ស្មៅ​ ​ដាំ​កូនឈើ​ ​ដាំ​ផ្កា​ព្រៃ​ ​ជួសជុល​ផ្លូវ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​វាលស្មៅ​ទាំង​ខួបប្រាំងខួបវស្សា​។​

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​លោក​ ​ឡុង​ ​កុសល​ ​នៅ​ថ្ងៃទី​ ​១៤​ ​ខែមករា​ឆ្នាំ​ ​២០២០នេះ​ ​បាន​បង្ហាញ​ពី​មោទនភាព​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នា​ពេល​កន្លងមក​ ​ក្នុង​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​ការ​លើកកម្ពស់​សោភ័ណភាព​និង​ទេសភាព​បៃតង​ ​និង​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​ដើម្បី​បន្ត​រៀបចំ​សោភ័ណភាព​បរិស្ថាន​ ​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។​

​លោក​បន្ត​ថា​ ​“​ជាក់ស្ដែង​ក្រុមការងារ​កំពុងតែ​បាន​ធ្វើការ​ ​ដកហូត​ដើមឈើ​និង​កាត់​ក្រី​មែកឈើ​ ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​បង្កើន​ទេសភាព​បៃតង​ ​នៅ​ខាងត្បូង​ប្រាសាទអង្គរវត្ត​ ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​”​។​

​លោក​បន្ថែម​ថា​ ​ដូច្នេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្តន៍​ ​និង​ផែនការ​អនាគត​គឺ​សំដៅលើ​ក​កម្ពស់​សោភ័ណភាព​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេស​ ​ចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​នោះ​ទេ​ ​តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

​ដោយឡែក​ ​អំពី​ការរៀបចំ​ប្រព័ន្ធ​ស្រោចស្រព​វាលស្មៅ​ ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​វិញ​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​ ​ដែល​នឹង​ធ្វើការ​ស្រោច​ស្មៅ​ឲ្យ​មាន​ភាព​បៃតង​ ​ទាំង​ខួបប្រាំងខួបវស្សា​ ​ហើយ​កិច្ចការ​នេះ​នឹង​ត្រូវ​អនុវត្តន៍​ឱ្យ​រួចរាល់​នៅក្នុង​ឆ្នាំ២០២០​។​ ​

​លើស​ពីនេះ​ទៀត​ ​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ ​ឲ្យ​មាន​មណ្ឌល​បដិសណ្ឋារ​កិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ការរៀបចំ​ចំណត​ត្រឹមត្រូវ​ ​ពិសេស​រៀប​ចំ​សន្ដិ​សុខ​សណ្ដាប់ធ្នាប់​ ​និង​ការ​ដាំ​កូនឈើ​ឡើងវិញ​ ​កែ​លម្អ​បរិស្ថាន​នៅ​ទីនោះ​ ​ឱ្យ​ស័ក្ដិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here