ដោយវុត្ថា
ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសារជាថ្មីដល់បណ្ដាស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងឡាយ ចូលរួមធ្វើជាស្ពានចម្លងព័ត៌មានពីប្រជាពលរដ្ឋមករាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ ទៅតាមការពិតជាក់ស្ដែង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើបែបនេះនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៤ សរុបជិត៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រនារាត្រីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។
សម្ដេចតេជោថា “ស្ថាប័នព័ត៌មាន ក៏ដូចជាអ្នកយកព័ត៌មាន ត្រូវបំពេញតួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជន ពីប្រជាជនមករដ្ឋវិញ ទាំងផ្នែកគោលនយោបាយ ទាំងការអនុវត្ត”។
សម្ដេចបានស្នើបន្តថា អ្នកសារព័ត៌មានក៏គួរចូលរួមចំណែកត្រួតពិនិត្យការអនុវត្តគោលនយោបាយរបស់រដ្ឋតាមរបៀបផ្សេងៗ ដើម្បីឱ្យដឹងថាការអនុវត្តនោះមានប្រសិទ្ធភាពកម្រិតណា មានគណនេយ្យភាពឬអត់។
ក្នុងករណីដែលមើលឃើញថាមិនទាន់សមស្របទេ ស្ថាប័នថ្នាក់ជាតិជាអ្នកកែតម្រូវ រាប់ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬអនុក្រឹត្យ ព្រះរាជក្រឹត្យ ឬច្បាប់នានា ដែលរាជរដ្ឋាភិបាលក៏អាចស្នើសុំសភាក្នុងការកែប្រែ ឬធ្វើវិសោធនកម្មបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្ដែង។
ប្រមុខរាជរដ្ឋាភិបាលបានបន្ថែមថា ប្រសិនបើការអនុវត្តនេះ ធ្វើបានត្រឹមត្រូវតាមគោលនយោបាយហើយ រាជរដ្ឋាភិបាលប្រាស់ជាជំរុញការអនុវត្ត ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សម្ដេចតេជោក៏សុំការយោគយល់ពីអ្នកសារព័ត៌មានផងដែរ ដែលចំណុចខ្លះមានការខ្វះចន្លោះ ដោយសារថាគោលនយោបាយទាំងអស់ មិនមែនសុទ្ធតែដាក់ចេញទៅត្រឹមត្រូវនោះទេ។ ពេលខ្លះក៏សមស្រប ប៉ុន្តែពេលខ្លះទៀតក៏មិនសមស្របដែរ តែរាជរដ្ឋារដ្ឋាភិបាល និងស្ថាប័នជាសេនាធិការនៅតែបន្តការកែតម្រូវជារឿយៗ។
ម្យ៉ាងទៀត កិច្ចការខ្លះទាក់ទងនឹងវិស័យការពារជាតិ សន្តិសុខផ្ទៃក្នុង ការចល័តកងទ័ព-អាវុធជាដើមនោះ មិនមែនសុទ្ធតែតម្រូវឱ្យផ្សព្វផ្សាយបាននោះទេ ពីព្រោះជាកិច្ចការការពារជាតិ និងសន្តិសុខ ជាវិស័យដែលត្រូវរក្សាការសម្ងាត់។
សម្តេចតេជោហ៊ុន សែន បានថ្លែងថា គ្រាប់បែកអាចបំផ្លាញផ្ទះ និងភូមិមួយ តែបើការផ្សាយព័ត៌មានបំភ្លៃការពិត នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ជាតិទាំងមូល បាន។ ជាមួយគ្នានេះ សម្តេចតេជោក៏បានដាក់ចេញ នូវពាក្យស្លោកជូនអ្នកព័ត៌មានថា «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»៕