ដោយវុត្ថា
ភ្នំពេញ៖ ដោយសារតែកំណើនប្រជាពលរដ្ឋ អ្នកវិនិយោគ និងសន្ទុះនៃការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យទេសចរណ៍ ឧស្សាហកម្មបានធ្វើឲ្យល្បឿននៃការអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ឋមិនមានតុល្យភាពគ្នានោះទេ។
អភិបាលខេត្តព្រះសីហនុ លោកយន្ត មីនបានថ្លែងក្នុហកិច្ចប្រជុំស្ដីពីលទ្ធផលការងារគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីម្សិលម៉ិញនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ឆ្នេរ និងបរិស្ថានដែលកំពុងទទួលរងការគំរាមកំហែង និងថយចុះនូវគុណភាព និងបរិមាណដោយការបង្ហូរសំណល់រឹង រាវចូលសមុទ្រដោយផ្ទាល់ និងដោយប្រយោល។ ការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ កោះមិនទាន់បានល្អស្របតាមច្បាប់ និងបទដ្ឋានដែលបានកំណត់។ ម្យ៉ាងថវិកាគាំទ្រអភិវឌ្ឍន៍តំបន់ឆ្នេរនៅមានកម្រិត ខ្វះមធ្យោបាយចុះតាមដាន និងពិនិត្យគម្រោងអភិវឌ្ឍន៍នៅតាមបណ្តាកោះនានា។
-->

លោកបានបញ្ជាក់ថា កោះក្នុងខេត្តព្រះសីហនុ បានក្លាយជាគោលដៅអភិវឌ្ឍន៍ទេសចរណ៍កម្រិតជាតិ និងអន្តរជាតិ មានសណ្ឋាគារ ម៉ូតែល បឹងហ្កាឡូ និងផ្ទះសំណាក់ប្រណិតៗ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកកម្សាន្ត។ កោះទាំង៣២ នៅខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលធ្វើកិច្ចសន្យាឱ្យក្រុមហ៊ុនវិនិយោគជាតិ និងអន្តរជាតិធ្វើការវិនិយោគ។ ប៉ុន្តែក្រុមហ៊ុនវិនិយោគមួយចំនួន មិនទាន់បានអនុវត្តន៍តាមកិច្ចសន្យា ហើយកោះខ្លះត្រូវបានវិនិយោគសម្រេចបាន១០០ភាគរយ ដូចជាកោះអូន និងកោះបង ចំណែកកោះខ្លះកំពុងសិក្សា វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម ដូចជា កោះត្រេះ កោះប្រឺស មួយផ្នែកកោះរ៉ុង និងមួយផ្នែកកោះឫស្សី។ ដោយឡែកកោះក្របីកំពុងដំណើរការសាងសង់ គម្រោងវិនិយោគលើវិស័យទេសចរណ៍ យ៉ាងមមាញឹកដោយរក្សាបរិស្ថានព្រៃធម្មជាតិ ។
អភិបាលខេត្តរូបនេះបានបញ្ជាក់ទៀតថា ដើម្បីឱ្យការគ្រប់គ្រងតំបន់ឆ្នេរ និងកោះឱ្យមាននិរន្តរភាព យើងត្រូវពង្រឹងអនុវត្តន៍សារាចរណែនាំលេខ០១ សរណស្ដីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃកម្ពុជា បន្តសហការជាមួយក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សិក្សាអនុវត្តន៍ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមលក្ខណៈបច្ចេកទេស ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យនានា នៅតាមតំបន់ឆ្នេរ កោះ ត្រួតពិនិត្យអាងសម្អាតទឹកកខ្វក់នៅតាមបណ្ដោយឆ្នេរ និងកោះឱ្យមានសោភណភាព ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរកាន់តែច្រើនថែមទៀត។
លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់បានលើកឡើងជារឿយៗនូវបញ្ហានេះ ដោយស្នើសុំឲ្យការអភិវឌ្ឍន៍ ត្រូវដើរស្របគ្នានឹងនិន្តរភាពបរិស្ថាន ព្រោះប្រសិនជាការអភិវឌ្ឍន៍មិនគិតគូពីបញ្ហាបរិស្ថាន វានឹងបំផ្លាញទាំងអស់គ្នា វានឹងធ្វើឲ្យការអភិវឌ្ឍនៅតំបន់នេះមិនមាននិរន្តរភាព។
លោកបន្តថា “បច្ចុប្បន្នបញ្ហាបរិស្ថាន និងកាកសំណល់ កំពុងក្លាយជាបញ្ហាប្រឈម ដែលទាមទារការគិតគូរជាបន្ទាន់ ដើម្បីធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានសម្តែងកង្វល់ទាក់ទងនឹងបញ្ហានេះ ដោយលោកបានស្នើឲ្យក្រសួង ពាក់ព័ន្ឋចូលរូមដោះស្រាយបញ្ហានេះ ព្រោះក្រសួងទេសចរណ៍តែឯងមិនអាចធ្វើបានជោគជ័យនោះទេ៕








