រដ្ឋបាលខេត្តកំពតជំរុញលើគម្រោងសិក្សាអភិវឌ្ឍន៍ផ្លូវចូលកំពង់ផែទេសចរណ៍

0

ដោយ រ៉ាណេត

កំពតៈ ស្របទៅតាមគម្រោង និងផែនការលើការអភិវឌ្ឍកំពង់ផែទេសចរណ៍ ដែលអាចឈានទៅការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ យ៉ាងយូរត្រឹមដើមឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដើម្បីពន្លឿនការសិក្សាលម្អិតទៅលើគម្រោងពាក់ព័ន្ធអភិវឌ្ឍន៍ផ្លូវថ្នល់ ចូលទៅកាន់កំពង់ផែទី៤មួយនេះ ឱ្យបានកាន់តែឆាប់រហ័ស។

គម្រោងអភិវឌ្ឍន៍ធ្វើផ្លូវទៅកំពង់ផែទេសចរណ៍ ដែលជាជំនួយរបស់ធនាគារអភិ  ឌ្ឍន៍អាស៊ី ADB ស្ថិតនៅ ភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយបានជំរុញដល់គ្រប់មន្ត្រីពាក់ព័ន្ធពន្លឿនកិច្ចការងារ ពិសេសធ្វើការសម្របសម្រួលលើផលប៉ះពាល់ ចាប់ពីផ្លូវបំបែកផ្លូវលេខ៧៣៥ដល់ទីតាំងកំពង់ផែផ្ទាល់។ កិច្ចសហការទាំងនេះ នឹងឱ្យជួយដល់ដំណើរការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងឡាយឆាប់បានសម្រេចរួចរាល់ ស្របតាមការរំពឹងទុករបស់ក្រសួងទេសរណ៍ ដែលជាស្ថាប័នសាមីគម្រោង។

លោកបន្តថា កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត អាចនឹងត្រូវសាងសង់រួចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្ដែបើអាចបើកដំណើរពេញលេញតែម្ដង អាចនឹងត្រូវរង់ចាំដល់ដើមឆ្នាំ២០២១ខាងមុខនេះលោកបន្តថា កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញដល់កំណើនទេសចរណ៍ នៅក្នុងខេត្តកំពត ពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាមជាដើម

បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួន៤ ដែលទី១ គឺកំពង់ផែវិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ និងទី៤ គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ គឺជាផ្នែកមួយនៃគម្រោងគាំទ្រ ដោយហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃជាទឹកប្រាក់ជិត១០លានដុល្លារអាមេរិក សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ​​​ចរណ៍ពាក់ព័ន្ធនឹងខេត្តតំបន់ឆ្នេរសមុទ្រក្នុងនោះ មានខេត្តកែប កោះកុង និងខេត្តកំពត។

ការកសាងកំពង់ផែទេសចរណ៍ ដែលត្រូវបានគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ  ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here