ចំណេះដឹង! តើស្ថាប័នណាជាអ្នកផ្សះផ្សា និងដោះស្រាយវិវាទក្នុងវិស័យអលចនទ្រព្យ?

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ វិវាទរវាងអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញពាក់ព័ន្ធ កិច្ចសន្យាលក់ ទិញអចលនវត្ថុ អាចជាកម្មវត្ថុនៃការសម្រុះសម្រួល និងផ្សះផ្សាដោយក្រសួងឬមន្ទីរ។ ក្រសួង ឬមន្ទីរសម្រុះសម្រួលនិងផ្សះផ្សាវិវាទ តាមការស្នើសុំរបស់ភាគីវិវាទក្នុងរយៈពេល២(ពីរ) ខែយ៉ាងយូរ។


ការផ្សះផ្សាវិវាទ អាចឈានទៅដល់ការចុះកិច្ចព្រមព្រៀងផ្សះផ្សា ដែលត្រូវចុះហត្ថលេខាដោយគូភាគីវិវាទ និងមានការទទួលដឹង ឮដោយនាយកដ្ឋានឬមន្ទីរ។ កិច្ចព្រមព្រៀងផ្សះផ្សា មានអានុភាពអនុវត្តភ្លាមៗចំពោះគូភាគី។

គូភាគីវិវាទ ដែលមិនពេញចិត្តចំពោះសេចក្តីសម្រេច ឬវិធានការផ្សេងៗរបស់ក្រ​សួ​ង ឬមន្ទីរ មានសិទ្ធិដាក់ពាក្យបណ្តឹងតវ៉ា មកក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងអនុវត្តដីតិវិធីបណ្តឹងទៅតុលាការ លើកលែងតែរឿងព្រហ្មទណ្ឌ។

ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវដោះស្រាយបណ្ដឹងក្នុង       រយៈពេល៩០ថ្ងៃនៃថ្ងៃធ្វើការ ក្រោយពីទទួលបានពាក្យបណ្តឹងតវ៉ា ឬក្នុងរយៈពេលមួយសមស្រប។ ក្នុងការដោះស្រាយវិវាទ ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចអញ្ជើញភាគីពាក់ព័ន្ធវិវាទ ដើម្បីសាកសួរ ឬផ្តល់ភស្តុតាងតាមការចាំបាច់។

សេចក្តីសម្រេចស្តីពីការដោះស្រាយវិវាទ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោ​យ​មានបញ្ជាក់អំពីអង្គហេតុ សំអាងហេតុ និងការសន្និដ្ឋាន។ ក្នុងករណីមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សានីតិកម្ម ភាគីវិវាទអាចដាក់ពាក្យបណ្តឹងតវ៉ា ទៅតុលាការមានសមត្ថកិច្ច ដោយអនុលោមតាមបទប្បញ្ញត្តិជាធរមាន៕



ចែករំលែក