កម្ពុជាគ្រោងពង្រីកការតភ្ជាប់ខ្សែរថភ្លើងជាមួយប្រទេសថៃ និងបណ្តាប្រទសក្នុងតំបន់

0

ដោយវុត្ថា

ភ្នំពេញ៖ កម្ពុជាបាននឹងកំពុងត្រៀមតភ្ជាប់ផ្លូវដែកជាមួយប្រទេសថៃនាពេលខាងមុខដ៏ខ្លី ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូននៅក្នុងពិធីចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ កាលពីទី ៩ ខែកុម្ភៈ ម្សិលមិញនេះឱ្យដឹងថា ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ។

លោកបន្ថែមថា ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

កម្ពុជា និងថៃបានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ ២០២០ នេះឱ្យកើនឡើងដល់ ១៥ ពាន់លានដុលា្លរ ខណៈ ឆ្នាំ២០១៩កន្លងទៅនេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានជាង៩ពាន់លានដុល្លារអាមេរិក។

ប្រទេសកម្ពុជា និងប្រទេសថៃបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំពីឆ្នាំ១៩៥០។ ទំនាក់ទំនងទ្វេភាគី រួមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ត្រូវបានពង្រឹង តាមរយៈទស្សនវិស័យរួមនៃប្រមុខរាជរដ្ឋាភិបាលទាំងពីរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ ចាន់អូចា នាយករដ្ឋមន្រី្តនៃប្រទេសថៃ។

នៅក្នុងទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរបានសហការជាមួយគ្នាយ៉ាងស្អិតល្មួតនៅក្នុងវិស័យជាច្រើនរួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការងារ ទេសចរណ៍ អប់រំ ដឹកជញ្ជូន និងវប្បធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here