រោងចក្រកាត់ដេរសម្លៀកបំពាក់មួយតម្លៃប្រមាណ ៤ លានដុល្លារនឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង

0

ដោយ ប៊ី

កំពង់ឆ្នាំង៖ រោងចក្រកាត់ដេរសម្លៀកបំពាក់តម្លៃប្រមាណ ៤ លានដុល្លារនឹងលេចរូបរាងនៅខេត្តកំពង់ឆ្នាំង។ នេះបើតាមកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “PENG TAI (CAMBODIA) CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ។

ទីតាំងវិនិយោគគម្រោងខាងលើគឺស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤២១កន្លែង។

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរកឃើញថា ខេត្តកំពង់ឆ្នាំងជាភូមិសាស្រ្តមានភាពសមស្របសម្រាប់ជាទីតាំង មជ្ឈមណ្ឌលពាណិជ្ជកម្មប្រចាំតំបន់ ខណៈរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹក ជញ្ជូនបានជំរុញឲ្យអ្នកវិនិយោគបរទេស ស្ថាបនាព្រលានយន្តហោះនៅខេត្តកំពង់ឆ្នាំងឡើងវិញ។

រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជា អូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាការសិក្សារបស់អង្គការ JICA បានរកឃើញថា ខេត្តកំពង់ឆ្នាំងសមស្របជាទីតាំងកណ្តាល នៃការផ្លាស់ប្តូរទំនិញនិងការដឹកជញ្ជូននៅពេលអនាគត (Cargo Hub) ប៉ុន្តែដើម្បីប្រែក្លាយខេត្តនេះជាតំបន់បែបនេះបានទាមទារឲ្យមានការសាងសង់ផ្លូវហាយវេ និងការសាងសង់ឡើងវិញនូវព្រលានយន្តហោះក្នុងខេត្តឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here