ដោយវុត្ថា
ភ្នំពេញ៖ គណៈកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប (Mobility and Transport of European Commission ) បានសម្តែងការកោតសសើរពីការរីកចំរើន និងការអភិវឌ្ឍលើវិស័យអាកាសចរស៊ីវិលកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។

លោក Henrik Hololei អគ្គនានាយក គណៈប្រតិភូគណៈកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប នៅក្នុង
កជំនួបពិភាក្សាការងារជាមួយ លោកនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២០ នេះបានវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងការធ្វើឱ្យប្រសើរនូវសុវត្ថិភាពនៃវិស័យអាកាសចរស៊ីវិល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Henrik បន្តថា ប្រទេសកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ និងគាំទ្រ ក្នុងគំឡុងពេល ការធ្វើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរួមសហគមន៏អឺរ៉ុប-អាស៊ាន ដោយមានវឌ្ឍនៈភាពប្រកបដោយចីរភាព រហូតមកដល់បច្ចប្បន្ន។

ជាមួយគ្នានេះ លោក នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើសុំដល់សហគមន៏អឺរ៉ុបក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី លើការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលលើជំនាញអធិការលទ្ធភាពហោះហើរ និងជំនាញនាំផ្លូវហោះហើរ។
ជំនួបពិភាក្សារវាង នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក Henrik Hololei អគ្គនានាយកកម្មាធិការដឹកជញ្ជូនសហគម៏អឺរ៉ុប (Mobility and Transport of European Commission )ផ្តោតលើគោលបំណងសំខាន់ៗរួមមាន៖
១)ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៏អឺរ៉ុប និងប្រទេសកម្ពុជាក្នុងវិស័យសុវត្ថិភាពអាកាសចរស៊ីវីល
២)ផ្លាស់ប្តូរទស្សនៈអំពីទិដ្ឋភាព ការពង្រឹង សុវត្ថិភាព និងសន្តិសុខអាកាសចរណ៏នៅកម្ពុជា និង
៣)ផ្លាស់ប្តូរទស្សនៈស្តីពី វឌ្ឍនៈភាពនៃការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសរួមសហគមន៏អឺរ៉ុប-អាស៊ាន៕






