កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនគ្រោងចុះហត្ថលេខានៅ ដំណាច់ឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន គ្រោងនឹងចុះហត្ថលេខានៅដំណាច់ឆ្នាំ២០២០នេះ ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិ​បត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតអន្តរក្រសួ ងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ជុំទី១ ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង កន្លងទៅថ្មីៗនេះ ក៏ដូចជាផ្តល់គោលការណ៍សម្រាប់ការចរចានៅជុំបន្តបន្ទាប់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណ​ងពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។

ការឈានដល់ដំណាក់កាល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការវិវត្តន៍យ៉ាងឆាប់រហ័សនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក៏ស្អិតរមួត និងរឹងមាំរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ដែលបច្ចុប្បន្នបានឈានដល់កិច្ចសហប្រតិបត្តិការភាព ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏បានបង្ហាញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំទាំងពីរ លើការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ។

កិច្ចព្រមព្រៀងនឹងផ្តល់ឱ្យកម្ពុជា នូវភាពកាន់តែសំបូរបែប ក្នុងការនាំចេញផលិត​ផលរបស់ខ្លួន ទៅកាន់ទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញ តាមរយៈការផ្តល់នូវការអនុគ្រោះពន្ធប្រសើរជាងមុន។ បន្ថែមពីនេះកិច្ចព្រមព្រៀងនេះ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការជួលសម្រួល និងកាត់បន្ថយបែបបទ នីតិវិធី និងវិធានការនានាដែលមិនចាំបាច់ និងធ្វើឱ្យរាំងស្ទះដល់លំហូរពាណិជ្ជកម្មទំនិញ។

កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកបង្កលក្ខណៈងាយស្រួល ដល់វិនិយោគិនដែលមានស្រាប់ ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួន និងទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតមកកម្ពុជា ដែលនឹងបង្កើតការងារថ្មី បន្ថែមជួនប្រជាពលរដ្ឋ តាមរយៈការកែលម្អកិច្ចការពាក់ព័ន្ធ និងសម្រួលការវិនិយោគ។

កត្តាទាំងអស់នេះ នឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាពន្លឿនដំណើរការ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក។

អង្គប្រជុំបានធ្វើការកត់សម្គាល់ និងវាយតម្លៃលើវឌ្ឍនភាពនៃការចរចាជុំទី ១ នេះ នឹងបានផ្តល់គោលការណ៍នាំដល់ក្រុមការងារចរចា ដើម្បីជាមូលដ្ឋានរឹងមាំសម្រាប់ការចរចានៅជុំបន្តបន្ទាប់ សំដៅបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងទាំងមូលឱ្យបានឆាប់ ស្របតាមការណែនាំ និងការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ក្រៅពីនេះ អង្គប្រជុំ ក៏បានឯកភាពលើគម្រោងបញ្ចប់ការចរចា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ និងគ្រោងចុះហត្ថលេខានៅដំណាច់ឆ្នាំនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here