ដោយវុត្ថា
ភ្នំពេញៈ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាការចុះបញ្ជីដីធ្លី ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល ដោយមិនចាំបាច់មានការស្នើសុំពីម្ចាស់ដីឡើយ។ រដ្ឋាភិបាលជាអ្នកកំណត់ជ្រើសរើសភូមិ ឬឃុំណាមួយដែលត្រូវធ្វើការចុះបញ្ជីដីធ្លី។
នីតិវិធីនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធនេះ ត្រូវចែកចេញជា៥ដំណាក់កាលសំខាន់ៗ៖
ដំណាក់កាលទី១៖ ត្រៀមរៀបចំ
ក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងត្រូវធ្វើការប្រកាស កំណត់តំបន់វិនិច្ឆ័យថា តើត្រូវធ្វើការចុះបញ្ជីដីធ្លី នៅក្នុងឃុំណាមួយ។ នៅក្នុងដំណាក់កាលនេះ អាជ្ញាធរត្រូវធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ នៅក្នុងឃុំឲ្យបានជ្រាបអំពីការចុះបញ្ជីដីធ្លីនេះ ដើម្បីឲ្យប្រជាពលរដ្ឋត្រៀមខ្លួនចូលរួមក្នុងដំណើរការនេះ។
ដំណាក់កាលទី២៖ វាស់វែង និងកសាងប្លង់សុរិយោដី
ម្ចាស់ដី គឺជាអ្នកកំណត់ព្រំជាមួយអ្នកជិតខាង។ ចំណែកមន្រ្តីបច្ចេកទេស គ្រាន់តែជាអ្នកចុះទៅវាស់វែង ទៅតាមព្រុំ ដែលចង្អុលបង្ហាញ ដោយម្ចាស់ដីតែប៉ុណ្ណោះ។ ដូច្នេះ នៅក្នុងដំណាក់កាលនេះ ការចូលរួមចំណែកពីម្ចាស់ដី មានសារៈសំខាន់ណាស់។
ម្ចាស់ដី ក៏ត្រូវត្រៀមនូវឯកសារចាំបាច់មួយចំនួនផងដែរ។ ឯកសារទាំងនេះ រួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ បណ្តាំមរតក សាលក្រមតុលាការ លិខិតទិញ-លក់ ។ល។
ដំណាក់កាលទី៣៖ ផ្សព្វផ្សាយ
អាជ្ញាធរ ត្រូវធ្វើការបិទផ្សាយជាសាធារណៈ នូវប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដើម្បីឲ្យប្រជាពលរដ្ឋពាក់ព័ន្ធអាចធ្វើការត្រួតពិនិត្យ និងតវ៉ាសុំធ្វើការកែប្រែ ប្រសិនបើមានកន្លែងមិនត្រឹមត្រូវ។
នៅក្នុងដំណើរការចុះបញ្ជីនេះ ប្រសិនបើកើតមានវិវាទណាមួយ ដូចជា វិវាទរឿងព្រំដីជាដើម ភាគីជម្លោះអាចសុំឲ្យគណៈកម្មការរដ្ឋបាលជួយដោះស្រាយ និងសម្រុះស ម្រួលឲ្យ ដោយមិនចាំបាច់ប្តឹងផ្តល់គ្នា ទៅដល់តុលាការនោះទេ។
ដំណាក់កាលទី៤៖ វិនិច្ឆ័យ និងសម្រេច
ដំណាក់កាលនេះ មានពាក់ព័ន្ធតែជាមួយស្ថាប័នរដ្ឋតែប៉ុណ្ណោះ។ ផុតរយៈពេល ៣០ថ្ងៃ ដែលបើកឲ្យមានការតវ៉ា មន្រ្តីមានសមត្ថកិច្ចត្រូវធ្វើការពិនិត្យ ទៅលើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី។ ដីទាំងឡាយណា ដែលមិនជាប់មានទំនាស់ ហើយមិនមែនចូលជាដីរបស់រដ្ឋ នឹងត្រូវចុះក្នុងសៀវភៅគោលបញ្ជីដីធ្លី ហើយប្រធានមន្ទីរភូមិបាលខេត្ត-ក្រុង នឹងចុះហត្ថលេខាលើប័ណ្ណកម្មសិទ្ធិស្ថាពរ។
ដំណាក់កាលទី៥៖ ការចែកប័ណ្ណ
នេះជាដំណាក់កាលចុងក្រោយ។ ក្រោយពីអាជ្ញាធរចុះហត្ថលេខាចេញប័ណ្ណហើយ ប័ណ្ណទាំងនេះនឹងត្រូវចែកជូនដល់ម្ចាស់ដីវិញ។ ម្ចាស់ដីត្រូវទៅទទួលប័ណ្ណ ដោយផ្ទាល់ដៃ ហើយប័ណ្ណនេះ គឺជាប័ណ្ណកម្មសិទ្ថិស្ថាពរ៕