ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចេញសេចក្ដីប្រកាសមិនទទួលដោះស្រាយទៅលើសំណើសុំប្រជាពលរដ្ឋចំនួន៣ក្រុម ស្មើនឹងជាង៩០០គ្រួសារ ពាក់ព័ន្ធទៅនឹងបញ្ហាវិវាទដីធ្លី និងការទាមទារសុំដីសម្បទានសង្គមកិច្ចនៅក្នុងខេត្តកោះកុង ដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវ។
តាមសេចក្ដីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ពីការបដិសេធ មិនទទួលដោះស្រាយទៅលើបញ្ហាវិវាទដីធ្លីចំនួន២ក្រុម និងការទាមទារសុំដីសង្គមសម្បទានសង្គមកិច្ចចំនួនមួយក្រុម ស្ថិតនៅខេត្តកោះកុង ក្រោមហេតុផលថា ការស្នើសុំខាងលើនេះមានភាពមិនប្រក្រតី និងមិនមានមូលដ្ឋានច្បាប់នោះទេ។
នៅក្នុងសេចក្ដីប្រកាសដដែកបានបញ្ជាក់ថា រាល់ការស្នើសុំពីប្រជាពលរដ្ឋទាំង៣ក្រុម ដែលដាក់ពាក្យស្នើសុំ និងជំរុញឱ្យក្រសួងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នោះកាលពីពេលកន្លងទៅនោះ ក្រសួងបានចាត់ក្រុមការងារចុះពិនិត្យដោះស្រាយ និងឆ្លើយតបនូវសំណើរបស់ប្រជាពលរដ្ឋរួមមានដូចជា ៖
ទី១- ឈ្មោះ ផាវ ញើង (កន្លងមកជាតំណាងប្រជាពលរដ្ឋ ១៥គ្រួសារ) ដែលបានដោះស្រាយបញ្ចប់បញ្ហាវិវាទរួចរាល់ហើយ បានស្នើសុំជាថ្មីឱ្យចេញប័ណ្ណតាមភូមិសាស្ត្រដែលគាត់ទាមទារ។ ករណីនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារក្រសួង បានជួបប្រជុំដោះស្រាយជាមួយប្រជាពលរដ្ឋ ១៥គ្រួសារ ជាលទ្ធផលប្រជាពលរដ្ឋចំនួន១៤គ្រួសារ បានឯកភាពយល់ព្រមឱ្យអជ្ញាធរចុះបញ្ជីតាមផែនទីរដ្ឋបាលជាក់ស្ដែង និងស្នើសុំឱ្យជួយកែតម្រូវសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅរបស់ពួកគាត់។ ដោយឡែក ឈ្មោះ ផាវ ញើង មិនយល់ព្រមឡើយ ដោយនៅតែប្រកាន់ជំហរទាមទារឱ្យចុះបញ្ជីដីធ្លីរបស់គាត់ដោយដាក់ឈ្មោះភូមិសាស្ត្រតាមអ្វីដែលខ្លួនចង់បាន និងមិនស្របតាមផែនទីភូមិសាស្ត្រដែលកំពុងអនុវត្ត។
ទី២- ក្រុមប្រជាពលរដ្ឋ ៧៣០គ្រួសារ ទាមទារសុំដីសម្បទានសង្គមកិច្ច។ ករណីនេះក្រុមការងាររបស់ក្រសួងបានជម្រាបជូនរួចរាល់ហើយកាលពីជំនួបកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ថា ការស្នើសុំសម្បទានដីសង្គមកិច្ចត្រូវអនុវត្តតាមនីតិវិធីជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៣ ស្ដីពីសម្បទានដីសង្គមកិច្ច ដោយតម្រូវឱ្យប្រជាពលរដ្ឋត្រូវដាក់សំណើទៅអជ្ញាធរដែនដីដែលខ្លួនកំពុងរស់នៅ ដើម្បីអជ្ញាធរពិនិត្យលក្ខណៈសម្បត្តិដែលត្រូវដោះស្រាយ។
ទី៣- ក្រុមប្រជាពលរដ្ឋ ១៩៧ គ្រួសារ ប្ដឹងទាមទារដីពីលោក ហេង ហ៊ុយ ដោយប្រជាពលរដ្ឋអះអាងថាមានវិវាទតាំងពីឆ្នាំ ២០០៧ ប៉ុន្តែមិនធ្លាប់ប្ដឹងទាមទារ ជាពិសេសពេលយុទ្ធនាការរយៈពេល១ខែ ចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីប្រកាសព័ត៌មានជាសាធារណៈ ឱ្យអ្នកពាក់ព័ន្ធទាំងអស់មកបំបេញបែបបទទាមទារ ក៏ពួកគាត់មិនមានវត្តមានចូលរួមទាមទារដែរ។ លុះមកដល់ឆ្នាំ២០១៩ ទើបគាត់ដាក់ពាក្យទាមទារ។ ករណីនេះ ក្រសួងធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មានបដិសេធមិនទទួលដោះស្រាយឡើយ ព្រោះជាការទាមទារដែលមិនមានមូលដ្ឋានច្បាប់។
អាស្រ័យហេតុនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពុំទទួលដោះស្រាយសំណើររបស់ប្រជាពលរដ្ឋទាំង៣ក្រុមខាងលើទៀតឡើយ។ រដ្ឋបាលខេត្តកោះកុង ត្រូវចុះធ្វើការអប់រំ ផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប និងស្រាវជ្រាវរកមុខសញ្ញាជនខិលខូច ដែលបំផុសបំផុលបោកស្រាស់ប្រជាពលរដ្ឋដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕







