ដោយ ៖ រ៉ាណេត
ស្វាយរៀង ៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន GI GA RESOURECE (CAMBODIA) ត្រូវបានរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុម័តស្របទៅតាមសំណើ ដោយកំណត់ឱ្យធ្វើការអភិវឌ្ឍស្របទៅតាមលក្ខខណ្ឌនៃច្បាប់ពាណិជ្ជកម្ម និងការវិនិយោគ។

បន្ទាប់ពីបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង ដែលដឹកនាំដោយលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) តំណាងរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ស្រប និងគាំទ្រទៅលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមមួយទៀត ដែលមានឈ្មោះថា ស្វាយរៀង ហ្គីហ្គា រីសស៍ ក្រោមការវិនិយោគដោយក្រុមហ៊ុន GI GA RESOURECE (CAMBODIA) ។
តំបន់សេដ្ឋកិច្ចពិសេសមួយនេះ នឹងត្រូវធ្វើការអភិវឌ្ឍនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា ខេមបូ ខនសាល់ធេន អ៊ិនធើណេសិនណល (ស៊ីស៊ីអាយ)។
ជាមួយនឹងការគាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ នេះ រដ្ឋាភិបាលបានទុករយៈពេល០១ខែទៀត ដើម្បីឱ្យក្រុមហ៊ុនកែសម្រួល និងបំពេញបន្ថែមស្របតាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ មុនអនុម័តជាចុងក្រោយ។ ក្រៅពីនេះក្រុមហ៊ុន ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពរាល់សកម្មភាពគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងមូល ដូចជា៖ ចំនួនបុគ្គលិក-កម្មករ ចំនួនរោងចក្រដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សា្ថនភាព សំណង់ (ដូចជា អគារស្នាក់នៅរួម បុរីលំនៅដ្ឋានជាដើម) ស្ថានភាពរស់នៅ និងមុខរបររបស់ប្រជាពលរដ្ឋនៅក្បែរតំបន់គម្រោង ដើម្បីគ្រប់គ្រងសុខភាព-សុវត្ថិភាពកម្មករ និងគ្រប់គ្រងសំណល់រឹង(សំរាម) និងសំណល់រាវ។

ដោយឡែក រាល់រោងចក្រទាំងអស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ដាច់ដោយឡែកសម្រាប់រោងចក្រនីមួយៗ និងត្រូវដាំដើមឈើនៅក្នុងតំបន់បៃតង ដែលក្រុមហ៊ុនបានកំណត់នៅក្នុងផែនការមេរបស់ក្រុមហ៊ុន។
រាល់សំណល់គ្រោះថ្នាក់ ចេញពីសកម្មភាពគម្រោង (ដូចជា អំពូលលម្អ) ក្រុមហ៊ុនត្រូវគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេស ចំពោះអាងប្រព្រឹត្តកម្មសំណល់រាវរួមរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនត្រូវសិក្សាឡើងវិញអំពីទីតាំង និងទំហំ ដើម្បីឱ្យមានសមត្ថភាពគ្រប់គ្រាន់ស្តុកសំណល់រាវរួមនៅក្នុងតំបន់សេដ្ឋកិច្ចទាំងមូល រួមជាមួយនឹងការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរ និងស្ថាប័ន្ធដែលពាក់ព័ន្ធ ដើម្បីធានាបាននូវភាពល្អប្រសើរដល់បរិស្ថាន និងដំណើរការវិនិយោគរបស់ក្រុមហ៊ុន៕






