ដោយរ៉ាវី
ភ្នំពេញ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល នឹងមានការផ្លាស់ប្ដូរនិងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ ប៉ុន្តែការកកស្ទះចរាចរណ៍បាននិងកំពុងចោទជាបញ្ហាហើយ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា រយៈពេល៥ឆ្នាំខាងមុខទៀត តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ នឹងមានភាពកាន់តែល្អប្រសើរមិនចាញ់តំបន់ឯទៀត ដែលស្ថិតនៅជាប់ជាយក្រុងរាជធានីភ្នំពេញនោះឡើយ ខណៈបច្ចុប្បន្នកំពុងមានសក្ដានុពល និងភាពទាក់ទាញច្រើន ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ។
លោកឧកញ៉ាបន្តថា “យើងឃើញស្រាប់ហើយសព្វថ្ងៃនេះ ចំពោះតំបន់ដែលស្ថិតនៅជាប់ផ្លូវជាតិ១ គឺកំពុងតែមានសក្តានុពលខ្លាំង និងរីកចម្រើនយ៉ាងលឿន”។
ដោយឡែកបើងាកទៅកាន់តំបន់ជាយក្រុង ដែលនៅក្នុងនោះ តំបន់កៀនស្វាយ ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងជើង បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់។ ហេតុផលដែលបណ្តាលឱ្យដីនៅស្រុកកៀនស្វាយ និងលើកដែក មានភាពទាក់ទាញ ក៏ព្រោះនៅតំបន់នេះ នឹងមានការអភិវឌ្ឍយ៉ាងលឿននាពេលអនាគត ដែលអាចនិយាយបានថា ជាតំបន់ពហុអភិវឌ្ឍន៍ មានកំពង់ផែអន្តរជាតិ មានរោងចក្រ ជាតំបន់តភ្ជាប់ព្រុំដែនកម្ពុជា-វៀតណាម មានតំបន់កម្សាន្តកែច្នៃដ៏ធំ ជាពិសេសស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់សម្រាប់អ្នកអភិវឌ្ឍ។លោកឧកញ៉ានួន រិទ្ឋីបញ្ជាក់ឲ្យដឹង។
លោកឧកញ៉ាបានបន្តទៀតថា វាមិនដល់៥ឆ្នាំទៀតនោះទេ តំបន់ភាគខាងត្បូង ឈៀងខាងជើងមួយនេះ នឹងមានការប្រែប្រួលខ្លាំងជាតំបន់ ដែលស្ថិតនៅផ្លូវជាតិលេខ៤ទៀត ព្រោះក្រៅពីមានគម្រោងដូច ដែលបានរៀបរាប់ខាងលើនេះ គឺនៅមានគម្រោងថ្មីៗជាច្រើនទៀត ដែលអាចលេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខនេះ ដូចជា គម្រោងអភិវឌ្ឍដ៏ធំរបស់ក្រុមហ៊ុនវឌ្ឍនៈ ប្រូភើធី ដែលនឹងគ្រោងសាងសង់ផ្លូវទំហំ៦០ម៉ែត្រ តភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ក្រុងទី៣ រួមជាមួយគម្រោងរបស់ក្រុមហ៊ុនជប៉ុន ដែលអភិវឌ្ឍតំបន់វាលស្រែឱ្យក្លាយជាតំបន់លំនៅដ្ឋាន រោងចក្រ និងតំបន់លំហែរកាយជាដើម។
បន្ថែមពីនេះ សាលារាជធានីភ្នំពេញ ក៏បានបង្ហាញពីគម្រោងផ្លាស់ប្ដូររោងចក្រ និងឃ្លាំងស្តុកទំនិញនានា ចេញពីរាជធានីទៅតាំងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ សរុបទៅ វាមានភាពល្អប្រសើរច្រើន ដែលអាចនឹងរីកចម្រើនខ្លាំងជាងតំបន់នានាដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ»។
ស្រដៀងគ្នានេះ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងថា សម្រាប់ដីដែលស្ថិតតាមផ្លូវជាតិលេខ១ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរ ទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។ ដ្បិតដីនៅតំបន់នេះ មានសក្ដានុពលនិងវិសាលភាពធំទូលាយ មានស្ពានដែលនឹងតភ្ជាប់ពីតំបន់ក្តីតាកុយ ទៅអរិយក្សត្រក្នុងពេលដ៏ខ្លីខាងមុខនេះ ជាពិសេសស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ទី៣ ដែលជាបណ្តាញផ្លូវសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
លោកបន្តថា “បច្ចុប្បន្ននេះ តំបន់ច្បារអំពៅ បានក្លាយជាតំបន់ពាណិជ្ជកម្មរួចទៅហើយ ដោយឡែកតំបន់ផ្សេងទៀតជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ក៏កំពុងតែចាប់ផ្តើមមានសក្តានុពលជាបណ្ដើរៗ”។លោកបន្តថា “ការរីកចម្រើននៅតាមតំបន់នេះ ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ មានកំពង់ផែលំដាប់អន្តរជាតិ រួមជាមួយនឹងផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។
លោក ច្រឹក សុខនីម បានឱ្យដឹងថា ចំពោះតម្លៃដីវិញ បច្ចុប្បន្ននេះវាអាស្រ័យទៅតាមទីតំបន់ និងទំហំធំ ឬតូច។ ចំពោះដីដែលមានទំហំតូច និងស្ថិតនៅទីប្រជុំជន ឬតំបន់លំនៅដ្ឋានក្បែរផ្លូវជាតិ១ គឺអាចមានតម្លៃចាប់៣00ដុល្លារឡើង ទៅក្នុងមួយម៉ែត្រការ៉េ ដោយឡែកចំពោះដី ដែលមានទំហំធំចាប់ពី៥ហិកតាឡើងទៅ អាចមានតម្លៃប្រមាណ៧០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តែប៉ុណ្ណោះ ។
លើសពីនេះទៅទៀត អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ បច្ចុប្បន្ននេះ មានអ្នកវិនិយោគជាច្រើន បាននិងកំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្ម ទៅលើគម្រោងពុះដីឡូតិ៍ព្រោងព្រាត ក៏ដូចជា គម្រោងអភិវឌ្ឍសំណង់លំនៅដ្ឋានតម្លៃមធ្យម និងក្រោមធម្យម មានមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដ៏ធំ ដែលវិនិយោគដោយក្រុមហ៊ុនរបស់ចិន ស្ថិតនៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដែលរឹតតែធ្វើឱ្យដីនៅតំបន់នេះកាន់តែមានប្រជាប្រិយភាពខ្ពស់។
ដោយឡែកដីដែលស្ថិតនៅតំបន់ស្រុកលើកដែកវិញ ក៏កំពុងតែចាប់ផ្តើមមានសក្ដានុពលជាបណ្តើរៗហើយ បន្ទាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសចាប់ផ្តើមសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ៕






