ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការពង្រឹងគុណភាព សុវត្ថិភាព ការដ្ឋានសំណង់នៅតាមភូមិសាស្ត្រនានា ទូទាំងរាជធានីភ្នំពេញ ដែលស្របទៅនឹងវិធានការរបស់រាជរដ្ឋាភិបាល កំពុងតែផ្តោតការយកចិត្តទុកដាក់ក្នុងពេលបច្ចុប្បន្ននេះ។

នៅក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងគុណភាពសំណង់ និងបង្កើនសុខវត្ថិភាពក្នុងការ ដ្ឋានសាងសង់សំណង់នានា កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងមកនេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា រាល់ការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវធានាឱ្យបានពីគុណភាពសំណង់ សុវត្ថិភាពអ្នកធ្វើដំណើរឆ្លងកាត់ការដ្ឋាន និងកម្មករ កម្មការិនី ក្នុងការដ្ឋាន និងត្រូវហ៊ុព័ទ្ធការដ្ឋានឱ្យបានត្រឹមត្រូវ ដោយគោរពទៅតាមបទដ្ឋានបច្ចេកទេសសំណង់។
ការកំណត់ និងរឹតបណ្តឹងនេះ ធ្វើឡើងដើម្បីធានាបាននូវសុខសុវត្ថិភាព ដោយសារកាលពីពេលកន្លងទៅ ក្រៅពីពិនិត្យឃើញការដ្ឋានសំណង់មួយចំនួន ត្រូវបានសាងសង់ខុសបច្ចេកទេសសំណង់ ក៏មានការដ្ឋានផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញ កើតមាននូវឧបទ្ទវហេតុមួយចំនួន ដែលបណ្តាលមកពីភាពខ្វះការប្រុងប្រយ័ត្នជាបន្តបន្ទាប់ ដូចជាការធ្លាក់សម្ភារៈសំណង់ ឬដែកពីលើសំណង់អគារ ដែលបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ ក៏ដូចជាខូចខាតដល់ទ្រព្យសម្បត្តិមួយចំនួនផងដែរ។
ពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់ទៅលើគុណភាពសំណង់ និងសុខសុវត្ថិភាពនៅក្នុងការដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញនូវសេចក្តីណែនាំថ្មីមួយ ទៅដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ទាំងអស់ ក្នុងការពង្រឹងនូវគុណភាព និងសុវត្ថិភាពសំណង់។
ក្នុងសេចក្តីណែនាំថ្មីនេះ ក្រសួងបានហាមដាច់ខាតមិនឱ្យអនុវត្តន៍លើការងារចំនួន៥រួមមាន ទី១ ហាមដាច់ខាតការសាងសង់សំណង់ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល ឬរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ទី២ ហាមដាច់ខាតការអនុវត្តការងារសាងសង់ ឬ រុះរើដោយអ្នកសាងសង់ដែលគ្មានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្របញ្ជាក់ការអនុញ្ញាតឱ្យប្រកបអាជីវកម្ម ផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទី៣ ហាមដាច់ខាតការដ្ឋានសំណង់ ដែលដំណើរការសាងសង់ ឬរុះរើដោយគ្មានវិស្វករប្រចាំការដ្ឋានជាអ្នកទទួលខុសត្រូវ។ ទី៤ ហាមដាច់ខាតការស្នាក់នៅក្នុងអគារដែលកំពុងសាងសង់ ទោះបីជាលក្ខណៈបណ្តោះអាសន្នក៏ដោយ និងហាមដាច់ខាតអ្នកគ្មានភារកិច្ចចូលក្នុងការដ្ឋានសំណង់ និងទី៥ ហាមការប្រើប្រាស់សំណង់គ្រប់ប្រភេទ ដោយគ្មានវិញ្ញាបនបត្រប្រើប្រាស់សំណង់ ឬលិខិតបិទការដ្ឋានផ្តល់ដោយអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងសេចក្តីណែនាំនេះ ក្រសួងបានជំរុញឱ្យអាជ្ញាធរ មានសមត្ថកិច្ចយកចិត្តទុកដាក់អនុវត្តន៍លើគោលការណ៍ និងវិធានការចំនួន៥ផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ ជួសជុល និងរុះរើ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ការរៀបចំការដ្ឋាន ដំណើរការដ្ឋានសាងសង់ និងការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់៕






