រដ្ឋាភិបាលស្នើក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនបង្កើតឧទ្យានអេកូបច្ចេកវិទ្យានៅតំបន់គីរីរម្យ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានគាំទ្រ និងផ្តល់លទ្ធភាពដល់ក្រុមហ៊ុនជប៉ុនA2A Town (Cambodia) ដែលកំពុងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ព្យាយាមកៀងគរបណ្តាក្រុមហ៊ុនជំនាញនានាមកពីប្រទេសជប៉ុន ដើម្បីបង្កើតជាឧទ្យានអេកូបច្ចេកវិទ្យានៅតំបន់គីរីរម្យ ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស និងធនធានបច្ចេកវិទ្យានៅកម្ពុជា។

តាមរយៈក្រុមហ៊ុន A2A Town (Cambodia) ដែលមានស្ថាបនិកជាជនជាតិជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយការបង្កើ​តជាវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក៏ដូចជាការជួយអភិវឌ្ឍន៍អេកូទេសចរណ៍ នៅតំបន់ជួរភ្នំគីរីរម្យផងដែរ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍កោតសរសើរដល់ លោក តាកេស៊ិ អ៊ីហ្សុកា (Takeshi Izuka) ប្រធានក្រុមហ៊ុន A2A Town (Cambodia)  និងជាស្ថាបនិកបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ  នៅក្នុងឱកាសទទួលជួបពិភាក្សា ការងារកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។

លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា បន្ថែមពីលើគោលនយោបាយនៃការអនុគ្រោះ និងគាំពារវិនិយោគិនពីបរទេស បច្ចុប្បន្នរដ្ឋាភិបាលបានទាក់ទាញអ្នកវិនិយោគ និងក្រុមហ៊ុនបរទេសឱ្យកាន់តែច្រើន មកបណ្តាក់ទុននៅកម្ពុជា។ កម្ពុជាបាន និងកំពុងអនុវត្តន៍ នូវបរិយាកាសធុរកិច្ចអំណោយផល លើទឹកចិត្តដល់អ្នកវិនិយោគបរទេសទាំងអស់ដែលមកបណ្តាក់ទុននៅកម្ពុជា ប្រកបដោយភាពទុកចិត្ត ស្របពេលដែលប្រទេ​សកម្ពុជាមានសន្តិសុខពេញលេញ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន A2A Town (Cambodia) ពិនិត្យពីលទ្ធភាព ក្នុងការកៀងគរបណ្តាក្រុមហ៊ុនជប៉ុនដែលមានជំនាញផ្នែកបច្ចេកវិទ្យា មកចូលរួមបង្កើតជាឧទ្យានអេកូបច្ចេកវិទ្យា (Eco-Technology Park) នៅតំបន់គីរីរម្យ សំដៅដល់ការចូលរួមចំណែកក្នុងការកសាងធនធានមនុស្ស និងធនធានបច្ចេកវិទ្យានៅកម្ពុជា។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ធ្វើការជាមួយក្រុមហ៊ុនA2A Town (Cambodia) ក៏ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ក្នុងកិច្ចធ្វើការស្រាវជ្រាវបែបអនុវត្ត (Applied Research) ដើម្បីស្វែងរកនវានុវត្តន៍ ក៏ដូចជាសហការគ្នាបង្កើតកម្មវិធីបណ្តុះធុវកិច្ចថ្មី (Star Up) ជាមួយគ្នា។

ក្រៅពីនេះ ថ្នាក់ដឹកនាំវិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ គួរពិចារណាចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្ទាល់ តាមរយៈការបណ្តុះធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ហើយផ្តល់ឱកាសឱ្យពួកគេមកធ្វើការក្នុងគម្រោង ឬស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្ស ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ រយៈពេលវែងនៃគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដែលនឹងត្រូវអនុវត្តនៅពេលឆាប់ៗខាងមុខនេះ ។

លោកTakeshi Izuka បានមានប្រសាសន៍បញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ ផ្តោតលើជំនាញវិស្វកម្ម កម្មវិធី សូហ្វ វែ (Software Engineering) វិទ្យាសាស្ត្រ និងការវិភាគទិន្នន័យ (Data Science) និងសន្ដិសុខប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយផ្តល់អាហារូបករណ៍ពេញដល់និស្សិតខ្មែរ ដែលមានសមត្ថភាពក្នុងរយៈពេល៤ឆ្នាំ ដោយរាប់បញ្ចូលទាំងថ្លៃសិក្សា ចំណីអាហារ ការស្នាក់នៅ ក៏ដចជាឧបករណ៍សម្ភារៈសិក្សា ចាំបាច់មួយចំនួនទៀតផងដែរ។

លោកបានបន្តថា “ស្របនឹងការណែនាំរបស់លោកបណ្ឌិតសភាចារ្យ ខាងលើនេះ លោកនឹងពិចារណា និងសិក្សាពីលទ្ធភាព ដើម្បីអាចឈានទៅរកការសម្រេចនៅថ្ងៃខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here