ដោយវុត្ថា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានប្រកាសដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែនតាមរយៈ QR Codeជាផ្លូវការចាប់ពីថ្ងៃម្សិលមិញនេះតទៅ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀត។

ធនាគារជាតិនៃកម្ពុជា ឱ្យដឹងចេញផ្សាយនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ថា កម្មវិធីដាក់ឱ្យដំណើរការគម្រោងនេះ ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក Veerathai Santiprabhob ទេសាភិបាល ធនាគារកណ្តាលថៃ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ក្នុងគោលបំណងសម្រាប់លើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រួលការធ្វើពាណិជ្ជកម្មឆ្លងដែន និងកំណើនភ្ញៀវទេសចរទៀតផង។
ប្រភពដដែលបន្ថែមថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ ប្រជាជនកម្ពុជា ដែលជាអតិថិជនរបស់ធនាគារទំនាក់ទំនង ឬអតិថិជនរបស់សមាជិកធនាគារទំនាក់ទំនងណាមួយ ទៅកម្សាន្តនៅប្រទេសថៃ អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវា ដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសថៃ។
ទន្ទឹមនោះ នៅក្នុងរង្វង់ត្រីមាសទី៣ ឆ្នាំ២០២០ ខាងមុខនេះ ប្រជាជនថៃដែលមកកម្សាន្តនៅប្រទេសកម្ពុជា ក៏អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវា ដោយប្រើកម្មវិធីធនាគារចល័ត (Mobile Banking App) ដើម្បីស្កេន QR code ដែលដាក់បង្ហាញនៅតាមបញ្ជររបស់ពាណិជ្ជករទូទាត់រាយនៅក្នុងប្រទេសកម្ពុជាវិញដែរ។
សាធារណជនអាចទិញទំនិញ និងធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន ដោយប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួនតាមរយៈការស្កេន QR កូដ។ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនេះ នឹងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ និងពាណិជ្ជករ រួមទាំងលើកស្ទួយរូបិយប័ណ្ណក្នុងស្រុកនៃប្រទេសទាំងពីរផងដែរ។ ប្រជាជនកម្ពុជាដែលធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រជាជនថៃ ដែលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា អាចធ្វើការទូទាត់តាម QR ដោយមិនចាំបាច់យកសាច់ប្រាក់សុទ្ធ តាមខ្លូនឡើយ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារជាតិ នៃ កម្ពុជា បានជ្រើសរើសធនាគារនៅកម្ពុជា ចំនួន៣ រួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កម្ពុជាពាណិជ្ជ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ដើម្បីសហការលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន។
លោកបន្តថា ជាមួយនឹងការត្រៀមខ្លួនរួចជាស្រេចនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB ត្រូវបានជ្រើសរើស ដើម្បីសហការគ្នាគាំទ្រលើការទូទាត់តាមរយៈប្រព័ន្ធ QR ឆ្លងដែន ដោយអតិថិជនរបស់ធនាគារ SCB អាចធ្វើការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ QR កូដ កម្ពុជា និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការទូទាត់នៅក្នុងព្រះរាជាណាចក្រថៃ តាមរយៈ QR កូដ ថៃ។
លោកបន្ថែមថា លើសពីនេះទៅទៀត ព្រះរាជាណាចក្រថៃ គឺជាទិសដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅទូទាំងពិភពលោក ភាពជាដៃគូជាមួយធនាគារ SCB ដែលជាធនាគារពាណិជ្ជកម្មធំបំផុតនៅព្រះរាជាណាចក្រថៃ នឹងជំរុញឲ្យបណ្តាញទូទាត់ QR ឆ្លងដែនរបស់យើងកាន់តែធំទូលាយ។ ការរួមបញ្ចូលនៃបច្ចេកវិទ្យារបស់ធនាគារនាំមុខផ្នែកឌីជីថល ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ SCB យើងជឿជាក់ថា ភាពជាដៃគូរបស់យើងនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកដំណើរក្នុងតំបន់។”
លោក Sarut Ruttanaporn អគ្គនាយកធនាគារ SCB បានមានប្រសាសន៍ថា យើងមានសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឆ្លងដែនរវាងព្រះរាជាណាចក្រកម្ពុជា និងថៃ ដោយផ្អែកលើដៃគូជាមួយស្ថាប័នក្នុងស្រុកនៅប្រទេសកម្ពុជា តាមរយៈធនាគារ SCB ឬបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាគឺ ធនាគារ កម្ពុជា ពាណិជ្ជ។
លោកបន្តថា ការទូទាត់អន្តរប្រតិបត្តិការតាមរយៈប្រព័ន្ធ QR គឺមានសារៈសំខាន់ណាស់ពីព្រោះប្រទេសកម្ពុជា គឺជាទិសដៅពេញនិយមសម្រាប់ភ្ញៀវទេសចរថៃធ្វើដំណើរ ដូចជា៖ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។
លោកបន្ថែមថា នៅក្នុងព្រះរាជាណាចក្រថៃមានអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តឌីជីថលជាង ៤៧ លាននាក់ ដោយក្នុងនោះធនាគារ SCB មានអ្នកប្រើប្រាស់ច្រើនជាង ១០ លាននាក់ ក្នុងឆ្នាំ២០១៩។ ការទូទាត់សំណងអន្តរប្រតិបត្តិការ តាមប្រព័ន្ធ QR នឹងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរដល់ភ្ញៀវទេសចរថៃ ដែលធ្វើដំណើរមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលធ្វើការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ៕






