ស្ពានថ្មើរជើងផ្សារដើមគរ នឹងបញ្ចប់រួចរាល់នៅត្រឹមដើមខែមីនា ក្រោយនេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានថ្មើរជើងនៅចំណុចទីប្រជុំ និងផ្លូវបំបែកមុខផ្សារដើមគរ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅត្រឹមថ្ងៃទី៥ ខែមីន ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលលទ្ធផលសម្រេចបានប្រមាណ ៨៥ ភាគរយរួចហើយនោះ។

គម្រោងស្ពានថ្មើរជើង១ ក្នុងចំណោម២ (ស្ពានថ្មើរជើងផ្សារដើមគរ) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញកំពុងពន្លឿនការសាងសង់យ៉ាងមមាញឹកទាំងថ្ងៃទាំងយប់ ដើម្បីបញ្ចប់ទៅតាមគម្រោងផែនការដែលបានគ្រោងទុក និងអាចដាក់ឱ្យប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

តាមរយៈមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ការសាងសង់ស្ពានថ្មើរជើងផ្សារដើមគរ បានសម្រេចលទ្ធផល ៨៥ ភាគរយ ដោយតាមផែនការ គ្រោងនឹងបញ្ចប់រួចរាល់នៅត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែកនៅយប់ថ្ងៃទី១៩ ខែកុម្ភៈ នេះ ក្រុមការងារជំនាញ និងអ្នកបច្ចេកទេស នឹងត្រូវស្ទូចតម្លើងគ្រោងដែកតួស្ពាន ចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ៦:០០ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរនៅទីតាំងការដ្ឋានតាមពេលវេលាខាងលើនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថី ម៉ៅសេទុង និងផ្លូវលេខ ៣៣៦ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយឡែកសម្រាប់គម្រោងសាងសង់ស្ពានថ្មើរជើងសាលាសន្ធរមុខ គ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២០ខាងមុខនេះ ខណៈដែលបច្ចុប្បន្នក្រុមការងារកំពុងតែសម្រុកសកម្មភាពទាំងយប់ទាំងថ្ងៃដូចគ្នា ក្រោមការទទួលខុសត្រូវដោយក្រុមហ៊ុនជំនាញ Space Media ដែលជាថវិកាចំណាយរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here