ដោយ ៖ រ៉ាណេត
កំពង់ស្ពឺ ៖ គិតត្រឹមតែរយៈពេល១៩ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិកាវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីរជាស្ថាពរដល់គម្រោងវិនិយោគចំនួន៥ ដែលស្នើសុំដោយក្រុមហ៊ុនផ្សេងគ្នា មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ជាមួយទំហំទឹកប្រាក់វិនិយោគសរុបចំនួន ៥៨.៥លានដុល្លារ ដែលផ្តល់ឱកាសការងារបានជាង៣២០០នាក់។
ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលទាំង៥ កាលពីពេលកន្លងទៅថ្មីៗនេះ រួមមានដូចជា ៖
១-គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KANGTAIXIANG TEXTILE CO., LTD” មានទីតាំងស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
២- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “GIVEN CLOTHING GARMENT (CAMBODIA) CO., LTD” មានទីតាំងស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង។
៣- គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួតរបស់ក្រុមហ៊ុន “Ultraspower Technology Battery Co.,Ltd”:, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។
៤- គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ) “Zhong Yongxin (Cambodia) Co.,Ltd” មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
៥- គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈសម្រាប់សម្អាតរថយន្ត (ក្រណាត់ជូតកញ្ចក់ កន្សែងជូតរថយន្តស្រោមដៃជូតរថយន្ត និងអេប៉ុង) របស់ក្រុមហ៊ុន “TOMKINS CHAMOIS (CAMBODIA) CO., LTD” មានទីតាំងស្ថិតនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៧កន្លែង៕









