កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់សេដ្ឋកិច្ចឌីជីថលនាពេលខាងមុខដ៏ខ្លី

0

ដោយ ប៊ី

ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគតដ៏ខ្លីខាងមុខនេះដើម្បីទាញយកប្រយោជន៍ពីទំហំសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន ត្រូវបានរំពឹងថា កើនឡើងដល់២០០ប៊ីលានដុល្លារ ក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ។

លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី ដំណោះស្រាយ នៃភាពស្មុគស្មាញ នៃសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅក្នុងយុគសម័យនៃការតភ្ជាប់នៅទីស្ដីការក្រសួងប្រៃសណីយ៍ថា សេដ្ឋកិច្ចឌីជីថល គឺជាវិស័យមួយដ៏ចំបងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ហើយតាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន ត្រូវបានរំពឹងថា កើនឡើងដល់២០០ប៊ីលានដុល្លារ ក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ។

លោករដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់នូវការរីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ក៏ដូចជាការទីផ្សារ និងសេដ្ឋកិច្ច នៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
លោកថា “សេដ្ឋកិច្ចឌីជីថល គឺជាវិស័យមួយដ៏ចំបងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល ហើយតាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឲ្យឃើញថា ទំហំសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន ត្រូវបានរំពឹងថា កើនឡើងដល់២០០ប៊ីលានដុល្លារ ក្នុងរង្វង់ពេល១០ឆ្នាំខាងមុខនេះ ដែលនៅក្នុងនោះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកមានទំហំទឹកប្រាក់ប្រមាណជា៨៨ប៊ីលានដុល្លារ”។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ក្នុងខណៈពេលដែលវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បាននាំមកនូវឱកាសថ្មីៗជាច្រើន វាក៏បើកចំហនូវភាពងាយរងគ្រោះជាច្រើន ដល់យើងទាំងអស់គ្នាផងដែរ។ ជាសកល ការគំរាមគំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការវាយប្រហារ គឺកាន់តែមានភាពស្មុគស្មាញឡើងៗ ហើយផលប៉ះពាល់ ក៏មានទំហំធំធេងផងដែរ។ នៅកម្ពុជា ក៏អាចនឹងទទួលរងពីការគំរាមកំហែងនោះដែរ។

លើសពីនេះទៅទៀត បណ្តាញអ៊ីនធឺណិត របស់រដ្ឋាភិបាល ទទួលរងការវាយប្រហារ ជាមួយនឹងមេរោគ ការជ្រៀតចូលលួចទិន្នន័យ និងការកែប្រែព័ត៌មាន នៅក្នុងវេបសាយជាដើម។ ក្នុងនោះផងដែរ យើងក៏ធ្លាប់ទទួលរងគ្រោះ ដោយការវាយប្រហារក្នុងទម្រង់ DDoS ដែលធ្វើឲ្យប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា មានភាពរអាក់រអួលមិនដំណើរការ។

ជាមួយគ្នានោះ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ទៀតថា កម្ពុជាត្រូវការឆ្លើយតបទៅនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីត្រៀមខ្លួនក្នុងការធ្វើដំណើរទៅកាន់សេដ្ឋកិច្ចឌីជីថល នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោក សុខ ពុទ្ធិវុធ សង្ឃឹមនិងជឿជាក់ថា សិក្ខាសាលានេះ នឹងចូលរួមចំណែក ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបាននូវគោលដៅ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា នៅក្នុងចតុកោណទី២ គឺការធ្វើពិពិធកម្មសេដ្ឋកិច្ច ត្រង់មុំទី៣ បានកំណត់ថា «ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និង ឆ្លើយតបនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤»៕

LEAVE A REPLY

Please enter your comment!
Please enter your name here