ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេងបានអះអាងថា ប្រជាជនកម្ពុជាសរុប ដែលកំពុងពេញវ័យបំរើការងារ រកប្រាក់ចំណូលប្រមាណ៦,៥០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

លោកអ៊ិត សំហេង បានមានប្រសាសន៍នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះថា ប្រជាពលរដ្ឋកម្ពុជាបានស្រូបទាញទឹកប្រាក់ ក្នុងវិស័យការងារ ក្នុងនិងក្រៅប្រទេសបានទឹកប្រាក់ក្នុងចំនួនខាងលើនេះ ក្នុងនោះរាប់ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ វិស័យកសិកម្ម មន្ត្រីសាធារណៈ និងពលករដែលចេញទៅបម្រើការងារនៅក្រៅប្រទេស ក្រោមការគាំទ្រគោលនយោបាយពីរាជរដ្ឋាភិបាល។
លោកបន្តថា “សមិទ្ធផលដែលសម្រេចបានពេញ១ឆ្នាំនេះ បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជា កាន់តែដើរតួរនាទីយ៉ាងសំខាន់ ដល់ការគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងបន្តជំរុញកំណើនសេដ្ឋកិច្ច ការបន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនីរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ”។
លោកបានមានប្រសាសន៍បន្តថា ក្រសួងបានខិតខំបន្តគ្រប់គ្រង ទីផ្សារការងារ និងកម្លាំងពលកម្ម ដែលរាជរដ្ឋាភិបាល ខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្ម សរុបប្រមាណ១០លាននាក់ ក្នុងនោះនៅក្នុងប្រទេសប្រមាណ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ច ក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅ ប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ៤លាននាក់ មន្រ្តីសាធារណៈ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេស មានចំនួនប្រមាណជាង១,២៨លាននាក់” ។
លោកបន្តទៀតថា ប្រជាពលរដ្ឋកម្ពុជារហូតជាង៩៩,៣ភាគរយ មានការងារធ្វើ។ សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានការចុះបញ្ជីនៅ ក្រសួងសរុបចំនួន ១៤,០៦០សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន១,៥០ លាននាក់ ដោ យបានទទួលប្រាក់ឈ្នួល ជាមធ្យមជាង៣,៧០ពាន់លានដុល្លារក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលពលករមកពីក្រៅប្រទេស ក្នុង១ឆ្នាំជាង២,៨០ពាន់លានដុល្លារទៀតសរុ បទៅជាង ៦,៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។

តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ស្តីពីការងារ មន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ចចំនួន៤៩២២លើក បានដាក់កំហិតចំនួន៩៧៧សហគ្រាស បានចេញលិខិតផាកពិន័យ៥៥សហគ្រាស និងប្តឹងទៅតុលាការ៦សហគ្រាស ជាលទ្ធផលរោងចក្រ សហគ្រាសដែលមិនគោរពច្បាប់ស្តីពី ការងារបានធ្លាក់ចុះគួរកត់សំគាល់។
ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពី សហជីពបានធ្វើអោយចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់៥២០៩ ក្នុងនោះសហជីពមូលដ្ឋានចំនួន៤៩៤៩, សហព័ន្ធសហជីពចំនួន២១៦, សហភាពសហជីពចំនួន៣៣ និងសមាគម និយោជកចំនួន១១៕






