ដោយវុត្ថា
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ភាពសម្បូរបែបនៃសក្ដានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់។
ក្នុងសារលិខិតអបអរសាទរពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានបញ្ជាក់ថា សក្ដានុពលនេះ ក៏បានចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ ស្របពេលដែល ទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍ទន្លេមេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ានផងដែរ។
សម្ដេចតេជោបន្តថា “ទឹកទន្លេជាប្រភពនៃការចិញ្ចឹមជីវិត ជាទីកន្លែងដែលបណ្ដុះបណ្ដាល និងពូនជ្រុំនូវវប្បធម៌ និងអរិយធម៌”។ សម្តេចបន្ថែមថា “ទន្លេជាអំណោយពីធម្មជាតិ បានផ្សារភ្ជាប់ប្រទេសនានាដែលទទួលទានទឹករួមគ្នា ឱ្យក្លាយជាសហគមន៍វាសនារួមគ្នា ប្រកបដោយសមភាព ភាពស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ”។
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត ដែលមិនត្រឹមតែចូលរួមចំណែក ក្នុងការផ្សព្វផ្សាយ ពីសក្ដានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រ នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឪកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម ការបង្តើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍ តាមនាវាសហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាព រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូ ក្នុងក្របខណ្ឌតំបន់នានា ដូចជា ក្របខណ្ឌCLMV ក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គ មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម។

សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ទៀតថា ការរៀពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងនេះនឹងធ្វើឡើងចាប់ពីថ្ងៃ១៣-១៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «ទន្លេនៃសន្តិសុខ ទន្លេនៃវិបុលភាព” មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តបាត់ដំបង ត្រូវបានចាត់ទុកជាជម្រុកស្រូវរបស់កម្ពុជា ជាទីក្រុងបេតិកភណ្ឌ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការ UNESCO មានហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់គ្រប់គ្រាន់ ជាំទីក្រងុបណ្តុះទោដោយម្ហូបអាហារឆ្ងាញ់ៗ និងប្លែកៗ មានចម្ការទំពាំងបាយជូរនិងសំបូរ ទៅដោយរមណីយដ្ឋានជាច្រើន ទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុកាល១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាប ព្រែកទាល់ និងគោលដៅកសិ-ទេសចរណ៍ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។
ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងបន្តប្រារព្វនេះ ជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃប្រទេសកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាន និងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕








