ការដកផ្នែកខ្លះនៃ EBA របស់សហភាពអឺរ៉ុបបានរួមចំណែកជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញៈ ការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជារបស់សហភាពអឺរ៉ុប គឺជាកត្តារួមចំណែកមួយ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់កម្ពុជា។ នេះបើយោងតាមការអះអាង របស់រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោកអ៊ិត សំហេង កាលពីព្រឹកថ្ងៃពុធកន្លងមកនេះ។

ការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងការងារនាព្រឹកថ្ងៃពុធកន្លងមកនេះ។

លោកអ៊ិត សំហេង បានឱ្យដឹងថា ភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម បញ្ហាជម្លោះភូមិសាស្រ្តនយោបាយ សន្តិសុខសាកល ការកើតចលាចលនៅក្នុងប្រទេសមួយចំនួន ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ដូចជាករណីមេរោគកូរ៉ូណា និង ការដកផ្នែកខ្លះនៃEBAរបស់សហភាពអឺរ៉ុប គឺបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ សេដ្ឋកិច្ចកម្ពុជា ដែលលោករដ្ឋមន្ត្រីក្រសួងការងាររូបនេះបញ្ជាក់ថា ជាសេដ្ឋកិច្ចដែលបើកចំហខ្លាំង និងពឹងផ្អែកលើកត្តាខាងក្រៅ។

លោកអ៊ិត សំហេង បានថ្លែងថា “បញ្ហាប្រឈមដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្នទាំងអស់នេះ គឺជាទឡ្ហីករណ៍ទាមទារឱ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយវា”។

ក្រុមហ៊ុន CBRE កម្ពុជារំពឹងថា នឹងមានសម្ពាធធ្លាក់ចុះបន្តិចបន្តួចលើរោងចក្រ និងផ្នែកភស្តុភារ ខណៈរោងចក្រមួយចំនួនដែលកំពុងផលិតទំនិញ បានរងផលប៉ះពាល់ពីការដក EBAទំនងជាអាចនឹងត្រូវបិទជាបណ្តោះអាសន្ន ឬនឹងប្តូរទៅជាទំនិញដែលមិនប៉ះពាល់ដោយការដកនេះ។

របាយការណ៍របស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា “យើងប្រហែលជាបានឃើញមានការផ្លាស់ទីលំនៅមួយចំនួន ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត រួមមានមីយ៉ាន់ម៉ា និងបង់ក្លាដេស ប៉ុន្តែទាំងនេះត្រូវបានគេរំពឹងថាមានតិចតួច”។

គេជឿជាក់ថា អ្នកផលិតនៅក្នុងវិស័យដែលរងផលប៉ះពាល់ នឹងមើលឃើញថា ប្រទេសកម្ពុជា មិនមានការប្រកួតប្រជែងតិច សម្រាប់ការសម្រេចចិត្តជ្រើសរើសទីតាំងនាពេលអនាគត មានន័យថាប្រទេសកម្ពុជា អាចនឹងបាត់បង់នូវការរីកចម្រើននាពេលអនា​គត តែមិនមានបញ្ហាជាប់គាំងសេដ្ឋកិច្ចផលិតកម្មដែលមានស្រាប់នោះទេ។

ភាពទំនេរនៅក្នុងតំបន់ឧស្សាហកម្មទំនង ជាកើនឡើងបន្តិចម្តងៗ ដោយសារលទ្ធផលនៃការផ្លាស់ប្តូរទាំងនេះ ជាពិសេសបន្ទាប់ពីរយៈពេលយូរនៃតម្រូវការកើនឡើង ការកើនឡើងនៃការផ្គត់ផ្គង់ឧស្សាហកម្ម បានចាប់ផ្តើមប្រមូលផ្តុំល្បឿន។ ទោះយ៉ាងណា កន្លែងទំនេរនៃឧស្សាហកម្ម ត្រូវបានគេប៉ាន់ស្មានថាមានតិចជាង២% ហើយដូច្នេះផលប៉ះពាល់មានកំណត់ត្រូវបានគេរំពឹងថា នឹងមានការជួលទីផ្សារ ឬតម្លៃដីឧស្សាហកម្ម។

ខណៈពេលដែលភាពអត់ការងារធ្វើមួយចំនួន នឹងបណ្តាលមកពីការផ្អាកអនុគ្រោះពាណិជ្ជកម្ម EBA បញ្ហានេះគួរតែតូច។ ធនាគារពិភពលោកបានដាក់ជាកត្តារួចទៅហើយក្នុងការកាត់បន្ថយអត្រាកំណើនផលិតផល ក្នុងស្រុកសរុបសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ដោយធ្លាក់ចុះមកត្រឹម៦,៨% ពី ៧% ក្នុងឆ្នាំ ២០១៩។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានថ្លែងថា ឥឡូវ កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ៨០%ទៀតនៅរួចពន្ធដដែល។

លោកបានបន្តថា តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល១០០លានដុល្លា ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ លោកបន្តថា “វាត្រូវជា១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា០,៣៥% នៃ ផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ។

លោកបានឱ្យដឹងទៀតថា “ខ្ញុំយល់ថា វាជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះថា៥ឆ្នាំទៀត គេនឹងតម្រូវឱ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថាបានរីកចម្រើនឡើងផុត ពីចំណោមប្រទេសដែលមានការអភិវឌ្ឍតិចតួច (Least Developed Countries – LDCs)”។

លោកបានបន្តថា “ភាពអនុគ្រោះពន្ធនេះ គេឱ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះមានចំនួន៤៨ ក្នុងចំណោមជាង២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឱ្យប្រទេសខ្លួនឡើង ជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ យើងត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង”។

សហភាពអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះ បានចេញសេចក្តីសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើមុខទំនិញចំនួន៤០ប្រភេទ ដែលភាគច្រើនជាសម្លៀកបំពាក់។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន និងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានសន្និដ្ឋានហើយថា ការដកការអនុគ្រោះពន្ធនេះ គឺកម្ពុជាត្រូវបង់ពន្ធនាំចូលទៅកាន់ទីផ្សារអឺរ៉ុបប្រមាណជា១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here