ដោយរ៉ាណេត
ភ្នំពេញ៖ ប្រទេសកម្ពុជាបានដាក់ឱ្យដំណើរការសាកល្បង រសាកល្បងបច្ចេកវិទ្យា 5G ខណៈប្រទេសចំនួន ៣១ នៅលើពិភពលោក បានដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ប្រកបដោយជោគជ័យ។

លោកត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងពិធីដំណើរការសាកល្បងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Yes Seatel កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា បច្ចេកវិទ្យា 5G បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមលើវិស័យឌីជីថលនៅកម្ពុជាក៏ដូចជានៅក្នុងបដិវត្ដឧស្សាហកម្ម 4.0។
លោកបន្តថា លើសពីនេះទៅទៀត ចក្ខុវិស័យរបស់ផែនការមេបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អាស៊ានឆ្នាំ២០២០ នឹងជំរុញអាស៊ានឆ្ពោះទៅកាន់ការប្រកាន់យកសេដ្ឋកិច្ចឌីជីថល ដែលមានសុវត្ថិភាពខ្ពស់ ចីរភាព និងមានភាពរីកលូតលាស់ ហើយធ្វើឱ្យសហគមន៍អាស៊ានក្លាយជាសហគមន៍មួយមាននវានុវត្តន៍ភាព ពេញលេញ និងរួមបញ្ចូលគ្នាតែមួយ។
លោកបន្ថែមថា ដើម្បីឆ្លើយតបនឹងចក្ខុវិស័យនេះក្រសួង កំពុងដំណើរការទៅមុខយ៉ាងល្អក្នុងការចេញអាជ្ញាបណ្ណវិសាលគមន៍ 5G ដល់ប្រតិបត្តិករ ហើយក្រសួងនឹងបន្តផ្តល់ការគាំទ្រដល់ប្រតិបត្តិករទូរគមនាគមន៍នៅកម្ពុជា ដើម្បីឱ្យបណ្តាខេត្ត ក្រុង ទាំងអស់បានទទួលប្រព័ន្ធសេវា 5G យ៉ាងឆាប់រហ័ស ផងដែរ។
រដ្ឋាភិបាលបានតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននឹងកំពុងករៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ដាក់ឱ្យដំណើរការបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥(5G)ក្នុងប្រទេសកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការគាំទ្រឧត្តមនវានុវត្តន៍ បច្ចេកវិទ្យាពពក បញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យខ្នាតធំ ការបង្កើនផលិតភាព និងការប្រកួតប្រជែងលើឆាកអន្តរជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឌីជីថល។
បច្ចេកវិទ្យា5G គឺអាចផ្លាស់ប្តូរវាសនាប្រទេសកម្ពុជា ព្រោះបច្ចេកវិទ្យានេះនឹងជួយដល់ការស្រូបយកអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងលើកស្ទួយជីវភាពប្រជាពលរដ្ឋស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ បច្ចេកវិទ្យា5G គឺជាបច្ចេកវិទ្យាស្នូល សម្រាប់ការធ្វើឌីជីថលនៅកម្ពុជា៕






