ដោយវុត្ថា
សៀមរាប៖ ដើម្បីធានាគុណភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សោភណភាពសំណង់ បរិស្ថានល្អ សុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ សាធារណៈជន សំដៅបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើង ដោយការប្រើប្រាស់សំណង់គ្មានគុណភាព និងសុវត្ថិភាព សម្រាប់ប្រើប្រាស់ ព្រមទាំងលើកតម្លៃសេដ្ឋកិច្ច របស់សំណង់នៅក្នុងខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានចេញសេចក្តីជូនដំណឹងមួយ ស្ដីពីការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ ចូលជាធរមាន កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងមកនេះ បានជំរុញឱ្យម្ចាស់សំណង់ទាំងអស់ បានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមានដែលពុំបានស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានមុន ២ ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ។
លោក បន្តថា “សំណង់ដែលគ្មានលិខិតអនុញ្ញាត សំណង់ដែលដែលសាងសង់ខុសពីលិខិត អនុញ្ញាតសាងសង់ សំណង់ ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ភាពត្រឹមត្រូវ ឬ លិខិតបិទការដ្ឋាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួន”។
លោកបន្ថែមថា ម្ចាស់សំណង់ដែលត្រូវស្នើសុំត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ដូចមានចែងក្នុងប្រការ ១២ នៃប្រកាសលេខ ១៧៧ ដ នស /ប្រក ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ ស្តីពីបែបទ និងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលធរមាន ឬ សាកសួរព័ត៌មានបន្ថែម អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ឬ ការិយាល័យច្រកចេញចូលតែមួយ ឬ ការិយាល័យរដ្ឋបាលនៃរដ្ឋបាលក្រុងស្រុក រៀងរាល់ម៉ោងធ្វើការ។
លោកបញ្ជាក់ថា “ក្នុងករណីដែលម្ចាស់សំណង់ ពុំអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងអាជ្ញាធរមានសត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងចាត់វិធានការតាមច្បាប់ជាធរមាន” ។
លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំ ថា ម្ចាស់សំណង់បានសាងសង់រួច ហើយពុំមានលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសមត្ថកិច្ចរៀងៗ ខ្លួន ដើម្បីឱ្យការប្រើប្រាស់សំណង់ក្នុងខេត្តសៀមរាបប្រកបដោយចីរភាព តុល្យភាព ប្រសិទ្ធិភាព និងទទួលបានលទ្ធផលល្អប្រសើរ៕






