ដោយ វុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋាភិបាលគ្រោងសាងសង់ស្ពានដែលវែងជាងគេ តម្លៃជាង២០០លានដុល្លារតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំស្ថិតនៅក្នុងភាពស្រពិតស្រពិល ខណៈស្ពាននេះ ត្រូវបានសិក្សាចប់សព្វគ្រប់។

លោកលោកវ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០នេះឱ្យដឹងថា តាមគម្រោង ស្ពានដែលវែងជាងគេនេះ នឹងអាចចាប់ផ្តើមសាងសង់នៅឆ្នាំនេះ បន្ទាប់ពីសម្ពោធសាងសង់ផ្លូវជាតិលេខ១០ និងគម្រោងផ្លូវផ្សេងៗរួចរាល់ តមកដល់ពេលនេះហាក់ស្ថិតនៅក្នុងភាពស្រពិតស្រពិលនៅឡើយ។
លោកបន្តថា“មកទល់ពេលនេះ ខ្ញុំមិនទទួលបានព័ត៌មានលម្អិតជុំវិញគម្រោងស្ពាននេះ មកដល់ពេលនេះ តែបើអាច នឹងចាប់ផ្តើមធ្វើនៅក្រោយបញ្ចប់គម្រោងធំៗមាន សាងសង់ផ្លូវជាតិលេខ១០ និងគម្រោងផ្លូវ៧១ C និងសម្ពោធដាក់ឱ្យដំណើរការស្ពានស្ទឹងត្រង់ និងគម្រោងផ្សេងៗទៀត ពោលអាចនឹងចាប់ផ្តើមឆ្នាំ២០២១” ។
គំរោងសាងសង់ស្ពាននេះ ត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសឲ្យក្រុមហ៊ុនចិនសិក្សាឡើងវិញ ក្នុងពិធីបុណ្យទន្លេកាលពីឆ្នាំ២០១៩កន្លងមកនេះ។
បើតាមលោកស៊ុន ចាន់ថុលទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនធ្លាប់បានឲ្យដឹងកន្លងនេះថា គំរោងសាងសង់ស្ពានបានចាប់ផ្តើមសិក្សាកាលឆ្នាំ២០១៤ ប៉ុន្តែក្រោយមកបានផ្អាកមួយរយៈ ដោយសារសម្តេចតេជោបានឲ្យសិក្សាឡើងវិញ ពីផលប៉ះពាល់បរិស្ថាន និងចរាចរណ៍ឆ្លងកាត់របស់ត្រី ហើយជាលទ្ឋផលគណកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាងសង់បានសិក្សាឡើងវិញ ជាលទ្ឋផលគំរោងនេះមិនមានផលប៉ះពាល់បរិ ស្ថាននិងត្រីនោះទេ។
លោកបន្តថា “គំរោងនេះត្រូវបានបើកវេទិកាសាធារណៈ នៅខេត្តកំពង់ឆ្នាំង និងកំពង់ធំ ជាលទ្ឋផលប្រជាពលរដ្ឋ បានគាំទ្រលើគំរោងនេះ១០០ភាគរយ”។លោកបន្តថា “គំរោងនេះអាចចំណាយថវិកាប្រមាណ២០០លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានរបស់ចិន”។
លោកបានបញ្ជាក់ទៀតថា នៅក្នុងគម្រោងនេះ ទទួលបានការសាទរពីសំណាក់ប្រជាជនដែលកំពង់រស់នៅទាំង២ខេត្តជាខ្លាំង ក៏ដូចជាសាទរពីសំណាក់ប្រជាជនទូទាំងប្រទេស ព្រោះនៅពេលកើតមានស្ពាន និងផ្លូវដែលស្ថិតក្នុងគម្រោងសាសង់ខាងលើនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕






