ដោយៈ រ៉ាណេត
កណ្តាលៈ ស្រុកចំនួន៤ នៅក្នុងខេត្តកណ្តាល ត្រូវបានជ្រើសរើសនិងកំណត់ជាប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម (SAAMBAT) នៅទូទាំងខេត្តកណ្តាល។

ស្រុកចំនួន៤ ដែលត្រូវបានជ្រើសរើស និងកំណត់ជាប៉ូលសេដ្ឋកិច្ចប្រចាំខេត្តកណ្តាល រួមមាន ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកពញាឮ ដែលគម្រោងនេះ ត្រូវបានគាំទ្រដោយរដ្ឋបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលអាចជួយជំរុញ និងលើកកម្ពស់ដល់ទីផ្សារកសិករ ពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅទូទាំងខេត្តកណ្តាល។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តកណ្ដាលបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការកំណត់ស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ខេត្តកណ្ដាល គឺផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាសំខាន់ ដោយកែប្រែពីផ្លូវកំទេចថ្ម ផ្លូវដីស ផ្លូវគ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូ DBST។
ក្នុងនោះស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ។ ស្រុកស្អាងទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។
លោកស្រីបន្តថា “គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋផងដែរ”។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានបង្ហាញពីការគាំទ្រទៅលើគម្រោង និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដែលក្រៅពីអាចជួយបង្កភាពងាយស្រួល និងជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកណ្តាល ថែមទាំងអាចចូលរួមធ្វើឱ្យមានភាពល្អប្រសើរដល់តំបន់ជិតខាងផងដែរ។
លោកបានបន្តទៀតថា “ស្រុកទាំង៤ ដែលត្រូវបានកំណត់ជាប៉ូលសេដ្ឋកិច្ចទាំងអស់នេះ គឺស្ថិតនៅទិសសំខាន់ៗប្រចាំខេត្ត ជាពិសេសនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ”។ លោកបន្តថា “សេដ្ឋកិច្ចចម្បងរបស់ខេត្តកណ្តាល រួមមាន វិស័យឧស្សាហកម្ម និងវិស័យកសិកម្ម ខណៈដែលភាគប្រជាពលរដ្ឋភាគច្រើនជាកសិករ ដែលរកចំណូលពីការធ្វើកសិកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារ”។
នៅពេលមានការកំណត់ជាប៉ូលសេដ្ឋកិច្ច ក្រៅពីធ្វើឱ្យមានភាពងាយស្រួលក្នុងការកំណត់គោលដៅទីផ្សារ វាក៏បង្កភាពងាយស្រួលដល់បណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់គ្នាផងដែរ ដូចជា ខេត្តព្រៃវែង តាកែវ កំពង់ស្ពឺ កំពង់ចាមជាដើម ក្នុងការពង្រីកទីផ្សារកសិផលផងដែរ។
ក្រៅពីនេះ នៅពេលដែលមានការអនុវត្ត គម្រោងកំណត់តំបន់ប៉ូលសេដ្ឋកិច្ចទាំងនេះ ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវបានរៀបចំ និងកែសម្រួល ដែលទាំងអស់នេះ ក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ ក្នុងវិស័យអចលនទ្រព្យផងដែរ៕






