ដោយៈ រ៉ាណេត
កំពង់ចាមៈ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំនុចរង្វង់មូលផ្សារស្គន់ រហូតដល់ទីរួមខេត្តកំពង់ចាម ដែលមានសភាពតូចចង្អៀត មិនអនុគ្រោះដល់ការធ្វើចរាចរណ៍ នៅពេលបច្ចុប្បន្ន នឹងត្រូវឈូសឆាយសាងសង់ពង្រីក ធំជាងមុនរហូតដល់៤គន្លងដូចគ្នាទៅនឹងផ្លូវជាតិលេខ៦A ក្នុងពេលឆាប់ៗខាងមុខនេះ។

-->
ផ្អែកតាមប្រសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន”នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅក្នុងពេលឆាប់ៗខាងមុខ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្លូវបំបែកផ្សារស្គន់ រហូតដល់ទីរួមខេត្តកំពង់ចាម នឹងត្រូវធ្វើការឈូសឆាយ សាងសង់ពង្រីកថ្មីដែលមានទទឹករហូតដល់៤គន្លង បន្ទាប់ការសិក្សាលម្អិតពីផលប៉ះពាល់ត្រូវបានបញ្ចប់រួចរាល់។
លោកទេសរដ្ឋមន្ត្រីបន្តទៀតថា “កំណាត់ផ្លូវមួយខ្សែនេះ បច្ចុប្បន្នមានសភាពតូចចង្អៀត នឹងមានការខូចខាតដោយកន្លែង ជាពិសេសមិនសមស្របទៅនឹងលំហូរនៃការធ្វើចរាចរណ៍ដ៏មមាញឹកនោះទេ ដូច្នេះដើម្បីបង្កភាពងាយស្រួល ចាំបាច់ត្រូវតែស្ថាបនាឡើងវិញ ដោយចាក់បេតុងកៅស៊ូ (AC)ទាំងអស់ ក្រោមក្របខ័ណ្ឌឥណទានពីសាធារណៈរដ្ឋប្រជាមានិតចិន ប៉ុន្តែសម្រាប់ទំហំចំណាយនៅមិនទាន់កំណត់នោះទេ”។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនសាជីវកម្ម ផ្លូវ ស្ពាន ចិន (China Road and Bridge Corporation ) ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា បានចុះធ្វើការសិក្សាលម្អិត ក្រោមការសម្របសម្រួលពីសំណាក់អាជ្ញាធរខេត្តកំពង់ចាម ដើម្បីដឹងច្បាស់ពីស្ថានភាពជាក់ស្ដែង និងផលប៉ះពាល់នានាពីគម្រោង៕