ដោយវុត្ថា
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងបាវិតមានតម្លៃ ប្រមាណជិត២០០០លានដុល្លារ ដែលត្រូវប្រើពេលយូក្នុងការចចារស្វែងរកហិរញ្ញប្បទាន ខណៈក្រសួងបានចុះហត្ថលេខាឱ្យក្រុមហ៊ុនមួយ ក្នុងការសិក្សាផ្លូវល្បឿនលឿពីភ្នំពេញ-បាវិត បានរយៈពេល២ខែរួចហើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីកន្លងមកនេះឱ្យដឹងថា ក្រសួងបានចុះហត្ថលេខាក្នុងក្របខណ្ឌកិច្ចសន្យាមានរយៈពេល៨ខែ ដើម្បីសិក្សាចំពោះផ្លូវល្បឿនលឿនពីភ្នំពេញបាវិត រហូតដល់ពេលនេះបាន២ខែហើយ ។
លោកបន្តថា “សម្រាប់ផ្លូវល្បឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ត្រូវបានចុះហត្ថលេខាក្នុងក្រមខណ្ឌឱ្យក្រុមហ៊ុនChina Railway International Group Co., Ltd សិក្សារួចរាល់ហើយ”។ លោកបន្ថែមថា “បន្ទាប់ពីសិក្សារួចរាល់ យើងនឹងអោយគេយករបាយការណ៍មកក្រសួងធ្វើការសិក្សាបន្ថែមទៀត ដើម្បីយើងសិក្សាថា តើការសិក្សានេះអាចសាងសង់បានដែរឬទេ ? តើវាចំណេញឬខាត? បន្ទាប់មក យើងនឹងធ្វើការចចាររកថវិកាហិរញ្ញប្បទានក្នុងការសាងសង់ “។
លោកស៊ុនចាន់ថុល បន្ថែមទៀតថា ប៉ុន្តែមិនមែនចេះតែស្រួលនោះទេ ការងារនេះអាចប្រើប្រាស់ពេលយូ ព្រោះគម្រោងបែបនេះ អាចនឹងចំណាយថវិកាប្រមាណជិត២ ០០០លានដុល្លារ អាមេរិក ដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនពីភ្នំពេញក្រុងព្រះសីហនុយើងចំណាយជិត២០០០លានដុល្លារអាមេរិក ដែលប្រើពេលក្នុងការចចារ អស់រយៈពេល២ឆ្នាំ ហើយផ្លូវនេះបានសិក្សាចប់សព្វគ្រប់តាំងពីឆ្នាំ២០០៦ តែយើងទើបបានសាងសង់នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ។
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាការជំរុញសេដ្ឋកិច្ចនិងពង្រីកការធ្វើសមាហរណកម្មក្នុងតំបន់ ពិសេសការពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋានសម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។
ផ្លូវល្បឿនលឿន គឺជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត(Phnom Penh-Bavet Expressway)ត្រូវបានសិក្សាដោយ សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)រួចរាល់ម្តង ហើយក៏ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា៤គន្លង តួផ្លូវមានទទឹង២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។
យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ៕






