ដោយ ប៊ី
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ (FMIS) ដែលប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ គឺដាក់ជូនក្រសួង-ស្ថាប័នទាំង១៧ និងអង្គភាពថវិកា ដែលជាឤណាប័កផ្ទេរសិទ្ធិពេញលេញចំនួន១៣។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហ៊ាន សាហ៊ីបបានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធFMIS ដល់ក្រសួង-ស្ថាប័នទាំង១៧ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៅក្នុងដំណើរការអនុវត្តគម្រោងFMIS ដែលក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់កណ្តាលទាំងអស់ បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ប្រកបដោយភាពជឿទុកចិត្ត និងមានគុណភាពខ្ពស់ ក្នុងការគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ។
លោកបន្តថា “ប្រព័ន្ធនេះឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និងច្បាស់លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា ព្រមទាំងឈានទៅក្តាប់យកកាលានុវត្តភាពប្រកបដោយជវភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល”។
លោកហ៊ាន សាហ៊ីបបានបញ្ជាក់ថា នេះជាជំហានមួយថ្មីទៀត រួមចំណែកដល់ការសម្រេចបានគោលដៅការរៀបចំខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់ប្រព័ន្ធ FMIS ក្នុងការជួយពង្រឹងប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និង គាំទ្រដល់ការគ្រប់គ្រង និង តាមដានការអនុវត្តថវិកា និងហិរញ្ញវត្ថុ ស្របពេលដែលគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវបានដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងការបង្កើតអង្គភាពថវិកា ជាពិសេសគាំទ្រដល់ដំណើរឈានឆ្ពោះទៅដំណាក់កាលទី៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ“គណនេយ្យភាពសមិទ្ធកម្ម” នៅឆ្នាំ២០២១ ខាងមុខនេះ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ទៀតថា ប្រព័ន្ធFMIS គាំទ្រដល់ការទូទាត់ថវិកាតាមអេឡិកត្រូនិក ការធ្វើសន្ធានកម្មក្នុងការផ្លាស់ប្តូរទិន្នន័យ ពីប្រព័ន្ធខាងក្រៅដោយស្វ័យប្រវត្តិ ការលើកកម្ពស់គុណភាពនៃ ការផលិតរបាយការណ៍ និងការទាញយករបាយការណ៍ តាមតម្រូវការចាំបាច់ផ្ទាល់របស់ក្រសួងសាមីនីមួយៗ នឹងធ្វើឱ្យ“ការប្រើប្រាស់ប្រព័ន្ធ FMIS គឺជាប្រព័ន្ធតែមួយគត់ ដែលគាំទ្រដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយទៅជារដ្ឋាភិបាល ឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ ក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្មទី៤៕






