តើកម្ពុជានឹងចំណេញអ្វីខ្លះពីការដើរចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប?

0

ដោយ ប៊ី

ភ្នំពេញៈ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាថា នឹងស្វាគមន៍ចក្រភពអង់គ្លេសចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា បន្ទាប់អង់គ្លេសបានបញ្ចប់ជាផ្លូវការក្នុងការចាកចេញពីសមាជិកភាពរបស់ខ្លួន នៃសហភាពអ៊ឺរ៉ុបដែលជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតមួយនៅលើពិភពលោកថ្ងៃសុក្រ ទី៣១ ខែមករា។

ទោះជាយ៉ាងណាក៏ដោយរឿងរ៉ាវ ការចាកចេញរបស់អង់គ្លេស (Brexit) មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ ព្រោះចក្រភពអង់គ្លេសកំពុងស្ថិត នៅក្រោមរយៈពេលផ្លាស់ប្តូរជិត១០ខែហើយ។ នេះមានន័យថា ក្នុងអំឡុងពេលនេះចក្រភពអង់គ្លេសនឹងបន្តចូលរួមក្នុងសហភាពអឺរ៉ុបតាមទំនៀមទម្លាប់ និងទីផ្សារតែមួយរបស់សហភាពអឺរ៉ុប ដោយរក្សាច្បាប់ និងបទបញ្ជារបស់សហភាពអឺរ៉ុប ទោះបីជាប្រទេសនេះលែងជារដ្ឋសមាជិកនៅក្នុងប្លុកក៏ដោយ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់ចក្រភពអង់គ្លេសបានសន្យាថា កម្ពុជានឹងបន្តទទួលបានឋានៈអនុគ្រោះពាណិជ្ជកម្ម នៅចក្រភពអង់គ្លេស បន្ទាប់ពី      រយៈពេលការផ្លាស់ប្តូរបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូខាងមុខ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសស្វាគមន៍ ចំពោះចក្រភពអង់គ្លេស ដែលចង់បង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងចង់ឲ្យអង់គ្លេសក្លាយជា ដៃគូយុទ្ធសាស្រ្ដរបស់អាស៊ានផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅក្នុងវិមានសន្តិភាព។

សម្ដេចតេជោហ៊ុន សែនបានបន្ដថា “ប្រសិនបើអង់គ្លេសចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា កម្ពុជាស្វាគមន៍ជានិច្ច យើងអត់មានយល់ទាស់ទេ ហើយអង់គ្លេសក៏បានមកស្នើសុំយើង ដើម្បីឲ្យគាំទ្រទៅលើភាពជាដៃគូរវាងអង់គ្លេស និងអាស៊ានផងដែរ”។ សម្តេចបន្តថា “កម្ពុជាច្បាស់ជាគាំទ្រអង់គ្លេស ឲ្យក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងអាស៊ាន ព្រោះដៃគូ រួមមានដៃគូតាមវិស័យ និងដៃគូគ្រប់ជ្រុងជ្រោយ យើងចង់ឲ្យអង់គ្លេសក្លាជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាស៊ានតែម្ដង”។

សម្តេចតេជោបន្តថា ការដែលចង់ឲ្យអង់គ្លេសក្លាយជាដៃគូអាស៊ាននេះ ដោយមូលហេតុអង់គ្លេសក៏ជាសមាជិកមួយ ក្នុងចំណោមសមាជិកអចិន្រ្ដៃទាំង៥ របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ។ អាស៊ានត្រូវមានកុងសង់ស៊ីស ហើយកម្ពុជានឹងពិភាក្សាជាមួយដៃគូដទៃទៀតរបស់អាស៊ាន ដើម្បីផ្ដល់នូវការគាំទ្រ សម្រាប់ការធ្វើភាពជាដៃគូរវាងអាស៊ាន ជាមួយអង់គ្លេស ក្នុងពេលដែលអង់គ្លេសបានចាកចេញពីអឺរ៉ុប។

ជាមួយគ្នានេះសម្តេចតេជោហ៊ុន សែនក៏បានថ្លែងថា ចំពោះកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីជាមួយចិន រំពឹងនឹងថាសម្រេចបាននៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយចក្រភពអង់គ្លេស មានសន្ទុះរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនូវប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៅប្រទេសទាំងពីរ បានកើនឡើងដល់ជាង១ពាន់លានដុល្លារ ខណៈដែលការនាំចេញរបស់កម្ពុជា មានច្រើនលើសលុប ជាងអង់គ្លេសនាំចូលមកម្ពុជាវិញ។

បច្ចុប្បន្ននេះកម្ពុជាទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុ​គ្រោះ​ជាមួយសហគមន៍អឺរ៉ុប ដែលមានឈ្មោះថាអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។ ទោះយ៉ាងណា នៅថ្ងៃទី១២ ខែ កុម្ភៈ គណៈកម្មការអឺរ៉ុបដែលកាត់បន្ថយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២០ភាគរយ ដែលមានតម្លៃ១,១ ពាន់លានដុល្លារ។

ទោះយ៉ាងណា កម្ពុជាមានក្តីសង្ឃឹមខ្ពស់ ចំពោះទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគតជាមួយចក្រភពអង់គ្លេស។

សម្ដេចតេជោបានមានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់ថា យើងចង់បានណាស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយដៃគូរនានា ឥឡូវយើងកំពុងចរចាជុំទី១ ជាមួយចិនរួចហើយ ជាការរំពឹងទុករបស់យើង ក្នុងខែវិច្ឆិកាឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននឹងរួចរាល់ ហើយប្រកាសដាក់ឲ្យប្រើ ដាក់ឲ្យអនុវត្តន៍ ឬចុះហត្ថលេខា នៅពេលដែលនាយករដ្ឋមន្រ្ដីចិន មកចូលរួមប្រជុំអាស៊ីអឺរ៉ុប នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា យើងកំពុងតែរៀបចំការចរចារ ជាមួយកូរ៉េខាងត្បូងអំពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”។

នៅឆមាសទី១ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស គិតជាទឹកប្រាក់ចំនួន៤៦៦លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេស ចំនួន៤៥០លានដុល្លារ ចំណែកអង់គ្លេសនាំចូលមកម្ពុជា មានចំនួន១៥លានដុល្លារ។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានទឹកប្រាក់១,០៨៣លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន១,០១៨លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជាមានតែ៦៥លានដុល្លារប៉ុណ្ណោះ។

នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មមានទឹកប្រាក់១,០៤៤លានដុល្លារ ក្នុងនោះកម្ពុជានាំទៅអង់គ្លេសចំនួន១,០១៤លានដុល្លារ ចំណែកអង់គ្លេសនាំមកកម្ពុជាចំនួន៣០លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅអង់គ្លេសរួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here